ភ្នំពេញ ៖ នគរបាលម្នាក់ នៃនាយកដ្ឋាននគរបាលការពារ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា។ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-7710 រីឯរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5883 តៃកុងរត់បាត់។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត បានបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវមកខាងឆ្វេងបំណងចតរថយន្តក្នុងដីឡូត៍ តែគាប់ជួនក៏ត្រូវម៉ូតូជនរងគ្រោះដែលកំពុងបើកបរទិសដៅពីជើងមកត្បូង ជ្រុលបុកតែម្ដង ព្រោះអកហ្សឺរថយន្តបត់ខ្វះការប្រុងប្រយ័ត្ន រីឯខាងម៉ូតូក៏មានល្បឿនលឿន ។
ក្រោយមកសមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕






More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល