Tue. Apr 16th, 2024

កុំចេះតែហ៊ាន! តុលាការប្រគល់ នគរបាល៣នាក់ដែលរត់កាដោះលែងជនជាតិចិន១៨នាក់ជាក្រុមចាប់ជំរិត ស្នាក់នៅក្នុងចំការលោកមេធាវី ហេ ជីវអេង ក្នុងខេត្តកំពង់ស្ពឺ ឲ្យទៅACU ចាត់ការដើម្បីរកអ្នកពាក់ព័ន្ធថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ មន្ត្រីនគរបាល ៣នាក់ ដែលពាក់ព័ន្ធករណីរត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយរបស់លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។

សូមជម្រាបជូនថា នៅកណ្តាលវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់

មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅសាលាដំបូងរាជធានីភ្នំពេញ។

ហើយនៅព្រឹកនេះ នៅពេលដែលកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់ ដល់តុលាការ គឺត្រូវតុលាការសម្រេចប្រគល់ក្រុមជនសង្ស័យទៅឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការវិញ។

ទោះជាយ៉ាងណា នៅពុំទាន់មានសេចក្តីបញ្ជាក់អំពីសាវតាជាតិរបស់ក្រុមជនសង្ស័យនៅឡើយទេ រហូតមកដល់ពេលនេះ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃ​ទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​កន្លងទៅ កម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ខៃ​ សម្ជស្ស​ ព្រះរាជ​អាជ្ញា​រង​នៃអយ្យការ​អម​សាលាដំបូ​ង​ខេត្ត​កំពង់ស្ពឺ បានឃាត់ខ្លួន ជនជាតិចិនចំនួន ១៨នាក់ (ចិនតៃវ៉ាន់ ១២នាក់) នៅទី​តាំ​ងឃ្លាំងមួយកន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកមេធាវី ហេ ជីវអេង នៅក្នុង​ដីចំការស្វាយ ស្ថិតនៅ​ក្នុង​ភូមិ​ចា​ ឃុំស្វាយចចឹប​ ស្រុក​បរសេដ្ឋ​ ខេ​ត្ត​កំពង់​ស្ពឺ​ ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាម Online។

ទីតាំងដែលជនជាតិចិនយកធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសចាប់ជំរិតនោះ ត្រូវម្ចាស់ឈ្មោះ ហេ​ ជីវ​ អេង​ មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ​ រ័ត្ន​ ពិន្ទ​ ដែលជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់​ទៀ​តមិនស្គាល់ឈ្មោះ ក្នុងតម្លៃ​ ២២០០០ដុល្លារ​ក្នុងមួយខែ។

ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ នគរបាលជំនាញខេត្តកំពង់ស្ពឺ បានសម្រេចបញ្ជូនខ្លួនក្រុមជនសង្ស័យ

ទាំង ១៨នាក់ និងវត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារ​ប្រាក់​តាមប្រព័ន្ធ​បច្ចេកវិទ្យា​VOIP​ ទៅអគ្គស្នងការដ្ឋាននគរ​បា​ល​ជាតិ​ ដេីម្បី​ដំណេីរការចាត់ការតាមនីតិវិធី​បន្ដជាមួ​យភាគីនគរបាលនៃសាធារណរដ្ឋប្រជា​មានិ​តចិន​។

ដោយឡែកចំពោះ អ្នកពាក់ព័ន្ធនឹងករ​ណីផ្ដល់ទីតាំងឲ្យជនជាតិចិនប្រព្រឹត្ដបទ​ល្មេីសជំរិតទារប្រាក់នៅ​ចំណុចខាងលេី​នេះ

បច្ចុប្បន្ន​នគរបាលជំនាញ​ខេត្ត​បានស្នេីសុំ​កិច្ចសហការ និងការចង្អុលបង្ហាញ ដើម្បីស្រាវជ្រាវឈានដល់ការចាប់ខ្លួនពួកគេមកផ្ដន្ទាទោស​តាមច្បាប់​ជាធរមាន​៕​

You may have missed