
ភ្នំពេញ៖ ចាប់ខ្លួនបុរសម្នាក់ ក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។

យោងទៅតាមប្រភពដែលបានបញ្ចាក់ពីលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោយចាប់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត បានបន្តឲ្យដឹងទៀតថា ការចាប់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងមានការបញ្ជាណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឲ្យជនរងគ្រោះជាច្រើននាក់ ដាក់ប្រាក់វិនិយោគលើការជួញដូរ រូបិយប័ណ្ណអន្ដរជាតិ (Forex Trading) ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប៉ុន្ដែក្រោយមក ជនសង្ស័យបានយកប្រាក់ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់។

បើតាមលោកអនុប្រធាននាយកដ្ឋាន ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ទើបបានបញ្ជូនមកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
More Stories
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់
ស្រីទូច ថៅកែនាំជង្គង់មាន់ ស្លាបមាន់ មកពីថៃ មិនមែនជាថៅកែធម្មតាទេ គាត់មានងារ ជា ឧកញ៉ា ឈ្មោះពិតរបស់គាត់ គឺ អ៉ឹម សុផាន់ណារឹទ្ធ