Fri. Apr 18th, 2025

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ឯក​សារ​គ្រប់​គ្រាន់ នៅចំណុច​ផ្លូវ​៦០ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរា ដោយ​អាជ្ញាធរជាតិ​អប្សរាបាន​អះ​អាង​ថា ដី​ដោះ​ស្រាយ​គោល​នយោ​បាយ​រួច​ហើយ​។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាលេខ​ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទី​​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០១៩ បាន​បង្គាប់​អោយ​លោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើ​សំណង់​មួយ​កន្លែង​ដែល​មាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួន​ឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការ​រុះ​រើ​ដោយ​ខ្លួន​ឯងក្នុង​រយៈមួយសប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង បាន​ប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​របាយការណ៍ភូត​កុហក់​ទៅថ្នាក់​លើ​ថា បាន​ដោះ​ស្រាយ​គោល​នយោ​បាយលើ​ក្បាល​ដី​​របស់​លោក ជំទាវរួច​ហើយ តែ​ធាតុ​ពិ​ត​លោក​ជំទាវ​ថា មិន​បាន​ទទួល​លុយ​គោល​នយោ​បាយ​ពី​ខាង​អាជ្ញាធរជាតិ​អប្សរា​សូម្បី​តែ​មួយកាត់​មួយសែន។ លោក​ជំទាវ​បាន​បន្តថា បើ​តុលាការ​រក​ឃើញ​ឯក​សារ​ណា​មួយ​ថា លោកជំទាវ​​ពិត​ជាបាន​ទទួល​លុយ​គោល​នយោបាយ​មែននោះ លោក​ជំទាវ​សន្យាថា ​នឹង​ដើរ​ចូល​គុគ​ដោយខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​​ដី​ធ្លីនេះ លោក​ជំទាវ​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំ​បូង​ខេត្ត​សៀមរាប សាលាដំបូងបាន​ចេញ​ដី​កា​រក្សាការពារ ឥឡូវ​សំណុំ​រឿង​ឡើង​ដល់​សាលា​ឧទ្ធរណ៍​ហើយ​តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច ឯខាង​ក្រសួង​យុត្តិធម៌ក៏បាន​ចេញ​ដីកាការពារ​ផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្ត​ថា លោក​​មាន​ឯកសារគ្រប់​គ្រាន់​ដូច​ជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារទទួល​ស្គាល់​ពី​អាជ្ញាធរពាក់​ព័ន្ធជាច្រើនទៀត ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការជា​មួយ​អាជ្ញាធរជាតិ​អប្សរា។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្ស​រា មាន​ការ​អត់​ធ្មត់​បន្តិច រង​ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នក​ណា​ឈ្នះ​ចាញ់​ កុំ​ទាន់​មក​រុះ​រើ​ស្នាក់​ការ​របស់​គាត់ ព្រោះ​ស្នាក់​ការ​នេះ​មិន​រត់​ទៅ​ណាទេ។

ជាចុងក្រោយ​លោកជំទាវ លី អ៊ុំអេង លើកដៃសំពះ​ទៅលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរជាតិ​​អប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសីល្បៈ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន​ និង​លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សូម​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​កុំ​រុះ​រើ​ការិយាល័យ​ និង​សុំ​ផ្តល់​ដី​អោយ​មក​លោកជំទាវ​វិញផង ព្រោះ​ដី​ទាំង​នេះ​ជាដី​កម្ម​សិទ្ធិ​ស្រម​ច្បាប់​របស់​លោកជំទាវ​ដែល​បាន​ទិញ​ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ។

យោង​តាម​ការ​ឃើញ​ជាក់​ស្តែង ប្រជារាស្ត្រ​នៅ​ខេត្ត​សៀម​រាប​មាន​រឿង​អកុសល្យផល​កម្ម​​ ដោយ​​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំ​ងដូច​ជា​​ អ្នក​ខ្លះ​ជាប់​គុគ​ជាប់​ច្រវ៉ាក់​ អ្នក​ខ្លះ​បាត់​បង់​ដី​ធ្លី​ អ្នក​ខ្លះ​ត្រូវ​បាន​គេ​វៃ​កម្ទេច​ផ្ទះ​សំបែង ជាក់​ស្តែង​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ចុង​ក្រោយ​នេះ ផ្ទះ​ជាង​៧រយខ្នង​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា រុះ​រើ វាយ​កម្ទេច​ហិន​ហោច​ខ្មោច​ផ្សា​ បណ្តាល​​ពល​​ខ្លះដាច់​បាយ​ក្រហាយ​ទេក យក​មេឃ​ធ្វើ​មុង ពលរដ្ឋ​ខ្លះទៀត​​ជំ​ពាក់​លុយធនាគារាប់​ម៉ឺនដុល្លារ ធ្វើ​ចំណាក​ស្រុក​ ព្រាត់​ប្រាស​និរាសគ្រួសារ ម៉ែឪប្តី​ប្រពន្ធ កូន​ចៅ​ញាតិ​សណ្តាន ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា ”ក្រោម​មេឃតែ​មួយ តែ​វាសនាខុស​គ្នា“។ ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ​នៅ​តំ​បន់​អាជ្ញាធរ​អប្បរា ហូរស្ទើ​កើត​ជាស្ទឹង រឹងកើត​ជាថ្ម បាន​ត្រឹម​តែ​លើក​ដៃ​សំពះ សុំ​រស់​ៗតែប៉ុណ្ណោះ។

កម្ពុជាសុវណ្ណភូមិ​ ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពីលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្ស​រា​ បាន​ទេ​នៅ​រសៀល​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំ​នង៕ ដោយ៖ ផ្លុងរ៉េត

You may have missed