Thu. Nov 21st, 2024

អារ៉ាប៊ីសាអ៊ូឌីត៖ ផលិតផលប្រេង នឹងវិលមករកសភាពដើមវិញ នៅចុងខែនេះ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត Salman បានមានព្រះរាជបន្ទូល កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញថា  រាជាណាចក្រនេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួន ប្រឆាំង​នឹង​ការ​វាយប្រហារដ៏កម្សាករបស់សត្រូវ។ ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែស្វែងរកអ្នកនៅពីក្រោយ នៃការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco  ចំនួន២កន្លែង នៅក្នុង​ប្រទេស​អារ៉ាប៊ីអ៊ូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្រ្តីក្រសួងថាមពល នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានបន្ទូល នៅក្នុងទីក្រុង Jeddah ថា ទិន្នផលប្រេងរបស់ប្រទេសព្រះអង្គម្ចាស់ នឹង “វិលមករក​សភាពធម្មតាវិញ” នៅចុងខែនេះ។

ព្រះអង្គម្ចាស់ Abdulaziz bin Salman បានបន្ដថា ផលិតកម្មប្រេង ស្ទើរតែពាក់កណ្តាល ត្រូវបានកាត់បន្ថយ ​ក្រោយការវាយប្រហារទៅលើរោងចក្រកែច្នៃប្រេងរបស់ប្រទេសទ្រង់។ ប៉ុន្ដែនៅពេលនេះ ស្ថានការណ៍ទាំងនេះ ត្រូវ​បានស្ដារឡើងវិញហើយ។ សមត្ថភាព នៃការផលិត អាចនឹងកើនឡើង រហូតដល់១១លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុនដំណាច់ខែកញ្ញានេះ។ ផលិតកម្មប្រេង ផលិតបានប្រហែល៩,៦លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុន​ពេល​មានការវាយប្រហារ ដោយ​យន្ដហោះគ្មានមនុស្សបើកបរ (ដ្រូន)។

ជាមួយគ្នានេះដែរ គណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានពិនិត្យមើលពីការខូចខាតដែលបណ្តាលមកពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកបរ(ដ្រូន) របស់ហ៊ូធី ( Houthi)  ទៅលើរោងចក្រកែច្នៃប្រេង Abramaiq និងអណ្តូងប្រេង Khurais រប​ស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បណ្តាលឱ្យផលិតកម្មប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះរហូតដល់៥០ភាគរយ។

ទោះជាយ៉ាងណា ក្រោយការវាយប្រហារនោះ ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន (Yemen) ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ដោយឡែករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏​បាន​ថ្កោល​ទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារខាងលើនេះ។

ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ បានរាយការណ៍ថា ព្រះមហាក្សត្រ Salman បានអំពាវនាវដល់រដ្ឋាភិបាលនានា នៅលើពិភពលោក ត្រូវស៊ើបអង្កេត ស្វែងរក និងផ្ដន្ទាទោសដល់អ្នកវាយប្រហារខាងលើនេះ។   ព្រះមហាក្សត្រ Salaman មានព្រះបន្ទូលទៀតថា «ព្រះរាជាណាចក្ររបស់ទ្រង់ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការពារប្រទេស និងប្រជារាស្រ្ដរបស់ទ្រង់ ប្រឆាំងនឹងការវាយប្រហារដ៏កម្សាក និងឆ្លើយតបចំពោះទង្វើបែបនេះ ដោយមិនគិតថា សត្រូវទាំងនោះ មកពីប្រភពដើមណាមួយនោះឡើយ” ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Kuna បានរាយការណ៍ផងដែរថា បន្ទាប់ពីការវាយប្រហារទៅលើរាងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ក្រុមហ៊ុន Aramco នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ រដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Sheikh Sabah Al Khalid កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ម្សិលមិញនេះ​ ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមប្រឈមមុខនឹងឧប្បត្តិហេតុណាមួយ កើតឡើងជាយថាហេតុ។

ក្រោយពេលមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងខាងលើនេះ បណ្ដាប្រទេសនានា​ នៅលើពិភពលោក បានថ្កោលទោសយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ទើបមន្រ្ដីនៃប្រទេសនេះ ចេញមុខមកអះអាងថា ក្រុមឧទ្ទាមហ៊ូធី (Houthi ) នៅក្នុងប្រទេសយេមែន (Yemen) បានអនុវត្តការវាយប្រហារនេះ ដើម្បីការពារខ្លួន៕

You may have missed