
តាមប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថា លោកលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយប្រចាំច្រកនេះជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោកលាងហៃនោះទេ ។ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលឹមសម្បត្តិកំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។ប្រភពបានឲ្យដឹងទៀតថា ការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់ឯកសារដែលគ្មានកំហុស។ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលឹមសម្បត្តិគាបយកលុយពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង។បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើល។ព្រោះបច្ចុប្បន្នលោកលឹមសម្បត្តិកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល ។ អាចនិយាយបានថាលោកលឹមសម្បត្តិកំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោកលាងហៃយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើនរូបភាពដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីឡើយ។នៅពេលលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ ប្រភពមន្ត្រីគយមួយចំនួននៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថាលោកលឹមសម្បត្តិបន្តយកវិធីរបស់លោកលាងហៃមកប្រើប្រាស់ដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកលឹមសម្បត្តិមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជាអ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថា សម្រាប់ទំនិញវិនិយោគនាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបង់លុយប្រមាណ៧៥ដុល្លារជាកំហិត។ ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខ ទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យ ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញនាំចេញក៏ត្រូវបង់លុយឲ្យក្នុងមួយឯកសារ៣៥ដុល្លារផងដែរ។ ដូច្នេះលោកលឹមសម្បត្តិនិងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើន។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ ពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។អង្គភាពយើងបានទាក់ទងលោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមិនលើកទូរស័ព្ទនៅថៃ្ងនេះ។សូមបញ្ជាក់ថាក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៣ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានរិះគន់យ៉ាងខ្លាំងទៅលើអំពើពុករលួយរបស់មន្ត្រីគយ។សម្តេចបានមានប្រសាសន៍ថាលោកបានដឹងទាំងអស់នូវអំពើពុករលួយក្នុងអគ្គនាយកដ្ឋានគយនិងមានឯកសារ នៅក្នុងដៃទាំងអស់ផងដែរ។សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុន១០ ដែលត្រូវរ៉ូវជាមួយគយគឺបាននាំចូលទំនិញមកដោយស្រួល ឯក្រុមហ៊ុន៤០ទៀត ខ្លះមិនត្រូវជាមួយគយគឺនាំចូលមកលំបាកណាស់។ ទីបំផុតក្រុមហ៊ុនទាំង៤០នោះក៏រត់ទៅជ្រកក្នុងក្រុមហ៊ុន១០ឲ្យជួយនាំចូល។ បន្ថែមលើនេះសម្តេចក៏បានព្រមានដែរថា សម្តេចបានដើរចូលទៅក្នុងគយហើយ…គយស៊ីល្មមឆ្អែតហើយ..ត្រូវចេះស្រឡាញ់ជាតិផង!!។ ជាបញ្ចប់សម្តេចតេជោបានទុកពេលឲ្យចំនួន៦០ថ្ងៃឬ២ខែឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយត្រូវលុបបំបាត់ចោលនូវអំពើពុករលួយ ពោលគឺទុកពេលឲ្យ៦០ថ្ងៃដើម្បី” កែខ្លួន”គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារកៀរគរចំណូលគយពង្រឹងការបង្រា្កបអំពើរត់ពន្ធនិងពង្រឹងអភិបាលកិច្ចអង្គភាពគយឡើងវិញ។ជាងនោះទៅទៀតនោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំងឡាយនៅក្នុងរាជរដ្ឋាភិបាលនីតិកាលរដ្ឋសភាអណតិ្តទី៥ឲ្យមុជទឹកឆ្លុះកញ្ចក់ដុសក្លែលនិងវះកាត់៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់