
ខេត្តកំពត ៖ ឈ្មួញធំៗចំនួន៤រូបត្រូវបានប្រភពទម្លាយថា បានរកស៊ីយ៉ាងសកម្មក្នុងការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រួមនិងច្រករបៀងផ្សេងៗទៀត ដែលមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រាច។
ឈ្មួញធំៗទាំង៤រូបនោះត្រូវបានគេស្គាល់ដូចជា ឈ្មោះ វុធ, ឈ្មោះ ធាម, ឈ្មោះ ភឹម និងឈ្មោះ ភ័ក្រ ហើយការរកស៊ីរបស់ឈ្មួញទាំង៤រូបនេះត្រូវបានគេដាក់ការសង្ស័យថា មុខទំនិញខ្លះគឺបង់ពន្ធមិនគ្រប់ ឬ អត់បង់ពន្ធតែម្តង។
មានការលើកឡើងថា មូលហេតុដែលក្រុមឈ្មួញខាងលើអាចដំណើរការរកស៊ីរបស់ខ្លួនបានយ៉ាងរលូនដូច្នេះ ក៏អាចមានការបើកភ្លើងខៀវ និងឃុបឃិតគ្នាពីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកតែម្តង។
បើតាមប្រភពពីប្រជាពលរដ្ឋមួយចំនួន រស់នៅក្បែរៗច្រកព្រំដែនក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា មុខទំនិញដែលឈ្មួញធ្វើការនាំចូលមានដូចជា ៖ ប្រេងឆា មី រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀតផងដែរ និងមានមន្ត្រីគយ ឈ្មោះ រស់ សាត មានតួនាទីជាអនុប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាអ្នកត្រួតពិនិត្យទំនិញ និងប្រមូលលុយលើតុ ក្រោមតុ ពីឈ្មួញរកស៊ី ឬ ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច តាមរបៀបពុករលួយ។
ទោះជាយ៉ាងណាក្តីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មិនអាចស្វែងរកការបកស្រាយបានឡើយ ព្រោះទូរស័ព្ទរបស់លោកនៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះខលចូលជាច្រើនដងតែមិនលើក។
ដោយឡែកលោក រស់ សាត ក៏មិនអាចស្វែងរកសការបំភ្លឺបានដែរ ព្រោះពុំមានលេខទូរស័ព្ទ។





More Stories
លោកយឹកយូប្រព្រឹត្តិអំពើពុករលួយកក្រើកខេត្តព្រះសីហនុទៀតហើយ
ផ្ទះប្រជាពលរដ្ធចំនួន៣ខ្នងត្រូវបានអគ្គិភយ័ឆាបឆេះអស់គ្មានសល់!!
លោកផ្កាយ១ស៊ុមសុជាតិរងការរិះគន់ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចគោកព្រះជិត១០០០ហិកតា!ក្នុងនោះចៅហ្វាយខេត្តមាន១១៣ហិកតាដែរ!