
កំពង់ឆ្នាំង៖ លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងត្រូវបានឈ្មួញរកស៊ីដឹកទំនិញពីថៃលួចបង្ហើបថាជាមេគយដែលពូកែគោះជាងការបង្ក្រាប។ទោះបីឈ្មួញ ប្រើប្រាស់រថយន្តធំៗដឹកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងណាក៏ដោយ ក៏មិនដែលឃើញមេគយរូបនេះ ចាត់វិធានការ ទេ ផ្ទុយទៅវិញ ឈ្មួញណាមិនបង់លុយតាមការកំណត់ គឺនឹងត្រូវពិន៏យជាមិនខាន ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងបក្ខពួកគាត់មួយចំនួនតូចកំពុងឃុបឃិតគ្នាគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង។ ឈ្មួញដែលដឹកជញ្ជូនទំនិញតាមរថយន្តធំៗ តាមរថយន្តសាំយ៉ុង និងរថយន្តប្រភេទផ្សេងៗទៀតត្រូវបង់លុយឲ្យលោក ហ៊ាល ទូច តាមការកំណត់បើទោះបីទំនិញទាំងនោះបង់ពន្ធគយនៅច្រកព្រំដែនរួចរាល់យ៉ាងណាក៏ដោយ។
បើតាមការអះអាងពីឈ្មួញមួយចំនួនបានឲ្យដឹងដែរថា នៅពេលពួកគាត់ដឹកទំនិញឬផ្លែឈើតាមរថយន្តសាំយ៉ុងពីច្រកព្រំដែនក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ត្រូវបង់លុយឲ្យសមត្ថកិច្ចគយខេត្តកំពង់ឆ្នាំង ក្នុងមួយរថយន្តចាប់ពី៨ទៅ១០ម៉ឺនរៀលដោយគ្មានបង្កាន់ដៃឬវិក្ក័យប័ត្រអ្វីទេ?។ ក្នុងមួយយប់ៗមានរថយន្តសាំយ៉ុងដឹកផ្លែឈើនិងដឹកទំនិញផ្សេងៗពី៨០ទៅជាង១០០គ្រឿង ដូច្នេះលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងបក្ខពួកប្រមូលលុយបានមិនតិចឡើយ។
ឈ្មួញដែលជាម្ចាស់រថយន្តដឹកទំនិញធំៗបន្ថែមថាទោះបីទំនិញបង់ពន្ធត្រឹមត្រូវនិងទំនិញបង់ពន្ធមិនគ្រប់ គឺត្រូវបង់លុយឲ្យមេសាខាគយនិងបក្ខពួកក្នុងមួយជើងពី១០០ដុល្លារទៅ៣០០ដុល្លារ ហើយក្នុងមួយថ្ងៃមានរថយន្តធំៗដឹកទំនិញរាប់សិបគ្រឿងឆ្លងកាត់មុខស្នាក់ការគយខេត្តកំពង់ឆ្នាំង ដែលជាប្រភពចំណូលដ៏ធំរបស់លោក ហ៊ាល ទូច និងបក្ខពួកតែម្តង។
សេចក្តីរាយាករណ៍នេះសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជា ពិសេសលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការ ទប់ស្កាត់ទង្វើពុករលួយបង្កឡើងដោយ លោក ហ៊ាល ទូច មេគយខេត្តកំពង់ឆ្នាំង និងបក្ខពួកធ្វើព្យុះភ្លៀងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗបើមិនទទួលបានលាភសក្ការៈអ្វីជាមួយនោះទេ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់