ប្រភពដែលស្និទ្ធលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់ កណ្ដាល បានឲ្យដឹងថា ឥឡូវនេះ លោក ប៊ុន ផេង កំពុងជាប់ពាក់ ព័ន្ធករណីទិញលក់ដីរដ្ឋទំហំជាង៧០ហិកតា នៅភូមិកំពង់ចំលង និងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ឲ្យក្លាយទៅជាកម្មសិទ្ធិឯកជន? ។ ប្រភពបាន ឲ្យដឹងទៀតថាលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងលោក ចាន់ តារា ជាអភិបាលរង ព្រមទាំងឈ្មួញប្រមាណ១០នាក់ទៀតកំពុងរកស៊ីរត់ការលក់ដីបឹងឆ័ត្រយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្ដាល បែរជាសម្ងំស្ងាត់ឈឹងទុកឲ្យលោក ប៊ុន ផេង និងលោក ចាន់ តារា ឃុបឃិតគ្នាលក់ដីបឹងឆ័ត្រតាមអំពើចិត្ត។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា ចាប់តាំងពីលោក ប៊ុន ផេង មកកាន់តំណែងជាអភិបាលស្រុកខ្សាច់កណ្ដាល គឺកើតមានបទល្មើសទិញលក់ដីបឹងសាធារណៈជាទ្រព្យសម្បត្តិរដ្ឋ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពិនិត្យឡើងវិញជាបន្ទាន់ជុំវិញបញ្ហាខាងលើនេះ ព្រោះបច្ចុប្បន្នលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល កំពុងឃុបឃិតគ្នាលក់ដីបឹងឆ័ត្រ ជាង៧០ហិកតាដើម្បីយកលក់ចែកគ្នា។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជួនកាលលោក ប៊ុន ផេង និងលោក ចាន់ តារា បានចេញមុខឈរជើងទិញដីបឹងប្រជែងនឹងឈ្មួញទៀតផង ព្រោះពួកគេជាអ្នករៀបចំឯកសារទិញលក់ដីបឹងសាធារណៈរបស់រដ្ឋជាច្រើនកន្លែងក្នុងស្រុកខ្សាច់កណ្ដាល តាមអំពើចិត្ត។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់ចំលង បានឲ្យដឹងថា ដីបឹងឆ័ត្រទំហំជាង៧០ហិកតាស្ថិតនៅក្នុងឃុំកំពង់ចំលង គឺជាប្រភេទដីអាករ ឃុំរបស់រដ្ឋ ហើយកន្លងមកមានការចែកជារបបឲ្យប្រជាពលរដ្ឋក្នុងភូមិត្បូងដំរី និងភូមិកំពង់ចំលង អាស្រ័យផលហើយគ្មានសិទ្ធិយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬលក់ដូរបានទេ។ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ២០១៨ ស្រាប់តែលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឈរឈ្មោះនិងប្រមូលទិញដីបឹងឆ័ត្រ២០ហិកតានៅជ្រុងខាងត្បូង ហើយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល ទិញដីបឹងឆ័ត្រចំនួន២៥ហិកតាផងដែរ។ ចំណែកឈ្មួញមកពីរាជធានីភ្នំពេញ បានទិញដីបឹងឆ័ត្រទំហំ១៥ហិកតា ហើយនៅសល់ពីនេះកំពុងត្រូវបានលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល រត់ការលក់ឲ្យឈ្មួញជាបន្តបន្ទាប់។ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះដីបឹងឆ័ត្រទំហំជាង៧០ហិកតាត្រូវបានលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ឃុបឃិតលក់ឲ្យឈ្មួញ។
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង