Sat. Nov 23rd, 2024

សមត្ថកិ​ច្ចបង្ក្រាបបទល្មើ​សព្រៃ​ឈើ​គ្មាន​ប្រ​សិទ្ធភាព​ឧកញ៉ា​ តាំង​ អៀងនិងមេ​ឈ្មួញ ណុប​ ឌី និង​ឈ្មួញ ង៉ូវ ​ទី នៅបន្តដឹកជ​ញ្ជូនឈើ​ខុសច្បា​ប់​ដ​ដែល

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ គ្មាន​លិខិតអនុញ្ញាត​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រកឃើញ​ឈើមូល​ចំនួន​២១​កំណាត់​ស្មើនឹង​១៣,៨៩៧​ម៉ែត្រគូប និង​វត្ថុតាង​ជាច្រើន​ទៀត​នៅក្នុង​រោង​ម៉ាស៊ីន​អារឈើ​នោះ​ផងដែរ​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស​ន្ទ្រែ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​អាវុធហត្ថ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​អារឈើ​នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ករណី​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​នាពេល​កន្លងមក គឺជា​រឿង​ដដែលៗ​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់​ថា​សម​ត្ថ​កិច្ច​អាវុធហត្ថ​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ដែល​ដឹកឈើ​បន្តិចបន្តួច​ឬ​រោង​ម៉ាស៊ីន​អារឈើ​តូចតាច ចំណែក​ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​ឈ្មួញ ង៉ូ​វ ទី នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​។ មានការ​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះឡើយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​បរិស្ថាន ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បានកត់សម្គាល់​ទៀតថា កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បង្ក្រាប​តែ​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ទាល់តែសោះ​។ ជា​ការពិត​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​រោង​អារឈើ​តូច​មួយ​នៅក្នុង​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ចំណែក​រោង​ម៉ាស៊ីន​អារឈើ​របស់​មេ​ឈ្មួញ តាំង អៀង និង​មេ​ឈ្មួញ​ដទៃទៀត​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង មិនដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់។

You may have missed