Thu. Nov 21st, 2024

ព្រះសីហនុ៖ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
មានប្រសាសន៍ថា”អតីតយុទ្ធជនដែលទទួលបានដីនិងផ្ទះតែមិនរស់នៅជាក់ស្តែងនឹងធ្វើការពិនិត្យសិក្សាវាយតម្លៃឡើងវិញ ដើម្បីដកហូតផ្ទះទុកចែកជូនអតិតយុទ្ធជនដែលគ្មាននដី ផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលការណ៍របស់សមាគម។”

បើតាម ឯកឧត្តម គន់ គីម គ្រោងសង់ផ្ទះចំនួន៥០ខ្នងបន្ថែមទៀតផងដែរត្រៀមទុកផ្តល់ជូនអតីតយុទ្ធជន ខណៈផ្ទះ ដែលបានប្រគល់ជូនអតីតយុទ្ធជនកន្លងមក ចំនួន ៨០ គ្រួសារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមការពិនិត្យជាក់ស្តែង មានអតីតយុទ្ធជនរស់នៅតែ ០៩គ្រួសារប៉ុណ្ណោះក្រៅពីនោះត្រូវគេទុកចោល។

ចំពោះផ្ទះនិងដីដែលចែកអោយហើយទុកចោលនេះទំនងជាត្រូវដកហូតយកវិញបើរកឃើញថាមានភាពមិនប្រក្រតី(ខុសពីលក្ខខណ្ឌសមាគម)។ចំណែកអ្នករស់នៅជាក់ស្តែងបាន ៥ឆ្នាំ នឹងត្រូវចេញប្លង់កម្មសិទ្ធិជូន។

គួរបញ្ជាក់ថាបច្ចុប្បន្ន មានអតីតយុទ្ធជន ១៣គ្រួសារ មានដី តែខ្វះផ្ទះស្នាក់នៅ។ អតីតយុទ្ធជន ៤៨គ្រួសារគ្មានផ្ទះ,គ្មានដី និង ១៣ គ្រួសារ ផ្សេងទៀតរស់នៅលើដីសាធារណ:។
ករណីនេះ ឯកឧត្តម គន់ គីម បានគូសបញ្ជាក់ថាត្រូវធ្វើការដោះ ស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

ចំពោះមុខនេះ ឯកឧត្តម គន់ គីម បានស្នើរអ្នកជាប់ពាក់ព័ន្ធ ចុះពិនិត្យ ដីសម្បទានសង្គមកិច្ច និងសិក្សាប្រភេទដីនៅទីនោះអោយបានច្បាស់លាស់ ថាអាចធ្វើកសិកម្មដាំដុះបានដែរឬយ៉ាងណាចៀសវាងចែកជូនអតីតយុទ្ធជនឬពលរដ្ឋក្រីក្រហើយគាត់មិនអាចធ្វើកសិកម្មចិញ្ចឹមជីវិតបាន និងរស់នៅមិនកើត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា នឹងបន្តខិតខំរកជំនួយគំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុ និងបន្តលៃលករកដីសម្បទាសង្គមកិច្ច ដើម្បីដោះជូនអតីតយុទ្ធជនរបស់យើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជួយសម្រួលការលំបាកនានាដើម្បីជាកិច្ចតបស្នងចំពោះពលិកម្មរបស់អតីតយុទ្ធដើម្បីបុព្វហេតុជាតិមាតុភូមិ។

តាមសេចក្តីសម្រេចស្តីពីការទទួល ស្គាល់ប្រធានកិត្តិយស នៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ លេខ០៩៦/ស.អ.ក/២០១៩ សម្រេចទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយស ស.អ.ក ខេត្តព្រះសីហនុ។
សេចក្តីសម្រេចលេខ ៣១៨/តត/ស.អ.ក ស្តីពីការទទួលស្គាល់ លោកឧត្តមសេនីយ៍ត្រី នៅ សំអុល មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះ សីហនុ។

លោកឧត្តមសេនីយ៍ នៅ សំអុល បានបេ្តជ្ញាចិត្តថា គោរពលក្ខខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា,ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រឱ្យបានពេញលេញ ទៅលើជីវភាពរស់នៅនិងអត្ថប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគមអតីតយុទ្ធជន ,បន្តបើកប្រាក់មរណ:សង្គ្រោះ និងប្រាក់គោលនយោបាយផ្សេងៗជូនគ្រួសារសពអតីតយុទ្ធជនអោយបានទាន់ពេលវេលា, យកចិត្តទុកដាក់លើសុខទុក្ខអតីតយុទ្ធជន លើកកំពស់ជីវភាពសមាជិកសមាគមអតីតយុទ្ធជន អោយកាន់តែមានភាពប្រសើរឡើងឆ្លើយតបតាមគោលការរបស់សមាគមអតីតយុទ្ធជនកម្ពុជា។

You may have missed