
ភ្នំពេញ ៖ ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ក្រោយពីរដូវវស្សា បានបញ្ចប់ទៅជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជួសជុលផ្លូវខូច និងផ្លូវសំបុកមាន់ នៅក្នុងរាជធានីភ្នំពេញ។
ដើម្បីអោយដំណើរការការដ្ឋានទាំងអស់ ប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដា បច្ចេកទេស និង ស្វែងរកចំណុចខ្វះខាតនានា កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង៧នៅកណ្តាលរាជធានី និងមន្ទីរសាធារណការ រាជធានីភ្នំពេញ មកប្រជុំនិងពិនិត្យពីស្ថានភាពផ្លូវខូច និងផ្លូវសំបុកមាន់ ក្នុងភូមិសាស្ត្រ ខណ្ឌ ៧មករា ដូនពេញ ចំការមន បឹងកេងកង ទួលគោក សែនសុខ និងឬស្សីកែវ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សកម្មភាពជួលជុលថែទាំផ្លូវ ជាការងារដែលត្រូវធ្វើរាល់ឆ្នាំ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្រោយពីរដូវវស្សាបានបញ្ចប់ទៅ យើងបានចាប់ផ្តើមធ្វើសកម្មភាពជួសជុលផ្លូវខូចនិងផ្លូវសំបុកមាន់ នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលបានស្នើឱ្យអាជ្ញាធរសង្កាត់ ខណ្ឌ ត្រួតពិនិត្យលើបញ្ហាអ្នកបង្ហូរទឹកដាក់ផ្លូវ ពិសេសកន្លែង លាងឡានលាងម៉ូតូ ដែលបាននិងកំពុងបង្ហូរទឹកមកលើថ្នល់ ត្រូវណែនាំពួកគាត់ឱ្យបានយល់ និងចូលរួម ថែទាំផ្លូវទាំងអស់គ្នា បន្ថែមពីនេះចំពោះក្រុមហ៊ុនសំណង់ឯកជនដឹកបំផ្លាញផ្លូវ អាជ្ញាធរតែត្រូវឱ្យក្រុមហ៊ុនទាំងនោះ ជួលជុលឬស្ថាបនាផ្លូវនោះឡើងវិញ។
គួរបញ្ជាក់ថា ក្នុងគម្រោងជួសជុលផ្ទៃស្រុត ដោយចាក់អ៊ុតកៅស៊ូ (AC) ឆ្នាំ២០២០ ខណ្ឌ៧មករា មានកំណាត់ផ្លូវចំនួន១៩ខ្សែ ខណ្ឌដូនពេញជួសជុលចំនួន៣២ខ្សែ ក្នុងនោះគម្រោងខណ្ឌមាន៤ខ្សែ ប៉ុន្តែក្នុងគម្រោងនេះ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្ថាបនារួចចំនួន១៦ខ្សែហើយ។ ខណ្ឌចំការមន ខូចខាត ត្រូវថែទាំនិងជួសជុលឡើងវិញចំនួន២៩៩០ម៉ែត្រការ៉េ។ ខណ្ឌ បឹងកេងកង ចំនួន៣៩៨៤ ម៉ែត្រការ៉េ។ខណ្ឌទួលគោក ប្រើប្រាស់ថវិកាខណ្ឌ ក្នុងការជួសជុលចំនួន៣ខ្សែនៅសល់៦២ខ្សែ សុំការជួយជួសជុលពីរដ្ឋបាលរាជធានី។ ខណ្ឌសែនសុខមានចំនួន២៣ខ្សែ ក្នុងនោះ ៦ខ្សែជារបស់រាជធានី និងខណ្ឌឬស្សីកែវ ត្រូវជួសជុលចំនួន១១ខ្សែ ក្នុងចំនួននេះ សុំអោយរដ្ឋបាលរាជធានីជួយជួសជុលចំនួន១០ខ្សែ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង