ភ្នំពេញ ៖ បន្ទាប់ពីមានការដោះស្រាយនូវផលប៉ះពាល់ជាមួយអាជីវករលក់ដូចទាំងផ្សាររដ្ឋ និងឯកជនរួចមក គម្រោងនៃការអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្រេចបើកការដ្ឋានសាង់សង់ជាផ្លូវការហើយ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អ្នកវិនិយោគិនជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករជាច្រើនរយនាក់។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិការ ក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារទំនើបសេនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូបរាងឡើង។ ផ្សារទំនើបសេនជូរីផ្លាហ្សា ផ្តើមសាងសង់រយៈរយពេល២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះទៅ មានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា បានប្តេជ្ញាសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ផ្សារទំនើបមួយនេះឱ្យរួចរាល់តាមផែនការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថា ផ្សារទំនើបនេះកើតឡើងប្រកបដោយសោភ័ណ្ឌភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដាអន្តរជាតិ។
នាឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពផ្សារស៊ិនជូរីផ្លាហ្សា នាពេលបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម ពុំមានអនាម័យ និងបរិស្ថានល្អ ទាំងនៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ មានការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាសោភ័ណ្ឌភាពរាជធានី ជាពិសេសតំបន់នេះ ជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅលើពិភពលោក និងភ្ញៀវទេសចរណ៍ផងនោះ រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគសាងសង់ជាផ្សារទំនើបនេះឡើង ដោយគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករលក់ដូនៅក្នុងផ្សារនេះ។
ជាមួយគ្នានោះ លោក អភិបាល ក៏បានស្នើឱ្យអាជីវករ និងប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ ចំពោះដំណើរការអនុវត្តគម្រោងសាងសង់នេះ ដើម្បីឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក និងស្នើឱ្យអាជ្ញាមូលដ្ឋាន និងអ្នកពាក់ព័ន្ធសហការគ្នា សម្រួលរាល់ផលប៉ះពាល់ និងការងារចាំបាច់នានា របស់ក្រុមហ៊ុន និង អ្នករស់នៅជុំវិញបរិវេណផ្សារនេះ។ លោកក៏បានជម្រុញឱ្យក្រុមហ៊ុនទទួលការសាងសង់ គោរពឱ្យតាមលក្ខខណ្ឌបច្ចេកទេស ដោយគិតទៅលើគុណភាព សុវត្ថិភាព សោភ័ណ្ឌភាព និងបរិស្ថាន នៃរាជធានីទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
បន្ថែមពីនេះ លោក អភិបាល សុំឱ្យប្រជាពលរដ្ឋជឿជាក់ មកលើរាជរដ្ឋាភិបាល ពិសេសការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរលើគ្រប់វិស័យ ហើយបាននាំនាវាកម្ពុជា ឱ្យសម្រេចបាននូវគោលដៅមួយ គឺស្មើមុខ ស្មើមាត់ ជាមួយបណ្តារប្រទេស នៅក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ក្រោយសាងសង់រួច នឹងបើកឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារ សម្រាប់អាជីវករ ចូលមកលក់ដូរវិញ នៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន៦៧៩តូប ក្នុងនោះតូបគ្រប់គ្រងដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង