Thu. Apr 10th, 2025

សន្តិសុខផ្សារនាគមាសទ្បេីងបេីករថយន្តជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដេីមគរម្នាក់ស្លាប់ខណះពេលបញ្ជូនទៅមន្ទីរពេទ្យ

សន្តិសុខផ្សារនាគមាស ឡើងបើករថយន្តជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់ បណ្តាលឲ្យស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយប្រធាន​ប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាស ហើយត្រូវសន្តិសុខផ្សារឡើងបើករថយន្តសង្កាត់ជ្រុលបុកពេញទំហឹង​ទៅផ្ទប់និងរថយន្តមួយគ្រឿងទៀត ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​ ៩៖៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​ ២៣៤​ ក្បែរផ្សារនាគមាស​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​ ។

សពបុរសចំណាស់ខាងលើមានឈ្មោះ​ សុខ​ ហឿន​ អាយុជាង៥០ឆ្នាំ​ មុខរបរជាប្រធានប្រជាការពារសង្កាត់ផ្សារដើមគរ ស្នាក់នៅក្បែរប៉ុស្តិ៍ផ្សារដើមគរ ។

តាមប្រភពព័ត៌មានពីប្រជាការពារដូចគ្នា និងអាជីវករលក់ដូរនៅផ្សារដែលបាន​ឃើញ​ហេតុការណ៍បានឲ្យដឹងថា​ នៅមុនពេលកើតហេតុកម្លាំងប្រជាការពារសង្កាត់ផ្សារដើមគរ បានសហការជាមួយគណៈកម្មាការផ្សារនាគមាស​ចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ​ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់​ មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តរកទៅបត់ជើង​បានដើរមកមុខរថយន្ត​ ស្រាប់តែមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកជនរងគ្រោះទៅផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់​ត្រូវបានបញ្ចូនតាមរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនភ្លាមៗ​បញ្ចូនទៅប៉ុស្តិ៍ផ្សារដើមគរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនឹងអ្នកបើកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់​ ចំណែកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

You may have missed