Thu. Nov 21st, 2024

ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់ថារដ្ឋាភិបាល​ចិននិង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក «នៅតែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ‍»ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១។ គេ​ឃើញ​មាន​ក្ដី​សង្ឃឹម​កើន​ឡើង​ដែល​ថា ភាគី​ទាំង​ពីរ​ជិត​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​តូច​មួយ។ប៉ុន្តែការ​លើក​ឡើង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ការ​គាំទ្រ​នា​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង និង​លើ​ជាតិ​សាសន៍​ភាគ​តិច Uighur ទំនងជា​ធ្វើ​ឲ្យ​ការ​ចរចា​ពិបាក​នឹង​សម្រេច​បាន។អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ភាគី​ទាំង​ពីរ​នៅតែ «រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ‍» ជាមួយ​គ្នា។
ប៉ុន្តែលោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ភាគី​ទាំង​ពីរ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ពី​មួយពន្ធ​គយ​គួរតែ​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ‍»។កាល​ពី​ថ្ងៃ​អង្គារ លោក Trump ហាក់​ដូចជា​បង្អាក់​ដល់​ក្ដី​សង្ឃឹម​ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​ខែ​នេះ។ដោយ​លោក​បាន​ស្នើ​ថា លោក​ពេញចិត្ត​ឲ្យ​រង់ចាំ​រហូត​ដល់​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​បញ្ចប់​សិន មុន​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយ​ចិន។ប្រទេស​ចិន​បាន​គាំទ្រ​ការ​លើក​ឡើង​របស់​លោក Trump នេះ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បញ្ជាក់​ថា ពួកគេ ‍«នឹង​មិន​កំណត់​កាល​បរិច្ឆេទ​កំណត់​ណា​មួយ‍» សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ទេ។ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​បាន​ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​មាន​ទឹក​ប្រាក់​ប្រហែល​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក៕

You may have missed