
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវត្តឫស្សីជ្រោយ ក្នុងភូមិតាសែន ឃុំសូទិព្វ ហើយនេះគឺជាឃុំទី៨ ក្នុងចំណោម ១០ឃុំ ក្នុងស្រុកជើងព្រៃដែលបានរៀបចំវេទិកានេះ។ ពិធីនេះមានគោលបំណងធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិងជាពិសេសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ដែលជាឱកាសល្អសម្រាប់ថ្នាក់ដឹកនាំធ្វើការតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋជាបណ្តើរៗតាមការចាំបាច់។ វេទិកានេះ មានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ឃុំ ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៥០នាក់ ដែលបានអញ្ជើញមកពី ៨ភូមិគឺភូមិ៖ បឹងជ្រោយ ដូនដុំ សូទិព្វ ង៉ូង ថ្មី តាសែន ប៉ាណា និងភូមិស្គន់។
មានមតិស្វាគមន៍ លោក កែវ ហុកគ្រី មេឃុំសូទិព្វ និងលោក អ៊ួត ឈាងលី អភិបាលនៃគណ: អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព និងជាពិសេសលទ្ធផលនៃការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ជាបឋមឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលាបើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់។ប៉ុន្តែទឹកចិត្តគោរពស្រឡាញ់ក្តីបារម្ភគ្រប់បែបយ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា និងជាពិសេសនៅស្រុកកំពង់សៀម និងឃុំសូទិព្វ ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូននៅទីនេះនិងនៅទីជិតឆ្ងាយឲ្យជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ក្នុងពិធីសំណេះសំណាលឯកឧត្តមបានជម្រាបជូនបងប្អូនថាថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្សហើយលោកសូមឲ្យបងប្អូនប្រើប្រាស់ពេលនេះប្រើសិទ្ធិរបស់ខ្លួនសួរនាំពីបញ្ហាផ្សេងៗជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីទទួលបាននូវចំណេះដឹងនិងព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្នពិតប្រាកដ ចៀសវាងការយល់ច្រឡំ យល់ខុសស្តាប់ពាក្យបំភ្លៃការពិត ញុះញង់ លាបពណ៌បំពុលបរិយាកាសក្នុងសង្គមដោយពួកឧទ្ទាមខុសច្បាប់។ បន្ទាប់មក លោកបានបរិយាយជូនអង្គពិធីជ្រាបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ពីដំណាក់កាលមួយ មកដំណាក់កាលមួយក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពស្ថិរភាពពេញទូទាំងផ្ទៃប្រទេសនិងកំពុងអភិវឌ្ឍន៍ប្រទេសជាបណ្តើរៗសមស្របតាមតម្រូវការរបស់បងប្អូនគ្រប់បែបយ៉ាងមានដូចជាសន្តិសុខស្បៀងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀនគ្រប់កម្រិត ការពង្រឹង និងពង្រីកសេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារនាំចេញកសិផល។ល។ យោងលើសេចក្តីត្រូវការទាំងអស់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗសមស្របតាមពេលវេលានិងធនធានរបស់ជាតិយើង។ដូច្នេះដើម្បីឈានទៅដោះស្រាយនូវរាល់សេចក្តីត្រូវការជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព លោកបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជា ពលរដ្ឋមេត្តាបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសនិងប្រឆាំងដាច់ខាតនូវរាល់ចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់យើង។ ចំពោះក្រុមការងារ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តមបានស្នើឲ្យមានការយកចិត្តទុកដាក់ និងអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ទាន់ពេល ទូលំទូលាយ និងមានប្រសិទ្ធភាពជាពិសេសត្រូវបន្តផ្តល់សេវា ឲ្យបានកាន់តែល្អប្រសើរ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់រូប។ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយទឹក លូទឹក ជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ។ ដើម្បីជួយសម្រាលទុក្ខលំបាក ចែករំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានសម្រេចជួយឧបត្ថម្ភថវិកាតាមសំណើទាំងអស់ រួមទាំង ប្រគេនបច្ច័យព្រះចៅអធិការវត្តឫស្សីជ្រោយ ៤លានរៀល ទុកសម្រាប់កសាង និងដោយឡែកអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕ដោយ៖សហការី
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង