ច្បាស់ជារលាយមិនខានព្រៃលិចទឹកតំបន់បីរាប់រយហិចតា ដែលជាតំបន់ហាមឃាត់របស់រដ្ឋទុកសម្រាប់ត្រីពងកូន ត្រូវបានជនខិលខូចឃុបឃិតគ្នារុញយកដីធ្វើជាកម្មសិទ្ធិ
កំពង់ធំ៖ ព្រៃលិចទឹករាប់រយហិចតា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងតំបន់បត់ត្រង់ ចំណុចបឹងទទឹងថ្ងៃ តំបន់ព្រះស្នែង បឹងព្រហូត តំបន់ពងចាប ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានឈ្មួញខិលខូច ឃុបឃិតជាមួយអាជ្ញាធរ សមត្ថកិច្ចមន្ទីរជំនាញ ធ្វើការឈូសឆាយទាំងយប់ទាំងថ្ងៃដោយគ្មានអ្នកទប់ស្កាត់ឡើយ។ តាមប្រភពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានឲ្យដឹងថា ការឈូសឆាយនេះ គឺបានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៩ មានគ្រឿងចក្រ(ត្រាកទ័រ)ចំនួន៦គ្រឿង ដែលអំអាងថា ជារបស់អ្នកធំ មានអ្នកកាន់កាប់ទទួលខុសត្រូវឈូសឆាយដោយលោក ហ៊ុល ហៀញ ប្រធានសហគមន៍ឃុំកំពង់គោ, លោក គក់ គឿន, និងលោក ប៊ុន នី ហៅប៊ី។ អ្នកទាំងបួននាក់ខាងលើនេះ តែងតែអះអាង និងគំរៀមប្រជាពលរដ្ឋមិនឲ្យរាយការណ៍ទៅសមត្ថកិច្ច ឬអ្នកសារព័ត៌នោះទេ បើរាយការណ៍នាំទុក្ខដាក់ខ្លួនជាមិនខាន។ ប្រភពប្រជាពលរដ្ឋបន្ថែមថា លោកទាំងបួននាក់ខាងលើនេះ តែងតែបោះពាក្យបោះសំដីថា “បើចង់ប្តឹងក៏ប្តឹងទៅ បើចង់រាយការណ៍ក៏រាយណ៍ការទៅ អ្នកណាក៏មិនខ្វល់ដែរ ព្រោះក្រុមរបស់ខ្លួនបានគិតគូរអស់ហើយ”។ ដូចអ្វីដែលលោកទាំងបួននេះ បោះពាក្យសំដីពិតប្រាកដមែន ត្រាក់ទ័រ៦គ្រឿងរុញព្រៃលិចទឹកអស់រយៈពេលពេលជិត៦ខែ រួមជាមួយមាស៊ីនត្រង់ស៊ីន័រ៣គ្រឿងកាត់ដើមឈើធំៗរុញអោយដួល រហូតមកដល់ពេលនេះមិនទាន់មានអ្នកចុះទៅបង្ក្រាប និងអើតមើលម្តងនោះទេ! សូម្បី លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខ័ណ្ឌជលផលខេត្តកំពង់ធំ មិនដែលដឹកនាំមន្ត្រីក្រោមឱវាទចុះបង្រ្កាបម្តងណាឡើយ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋកាប់ទន្ទ្រាន ដោយកាំបិត ឬជួលត្រាក់ទ័ររុញសម្អាតដីវិញ តែងតែដឹង និងចុះបង្រ្កាប ធ្វើកិច្ចសន្យា និងឈានទៅដល់ចាប់ខ្លួនក៏មាន។
ជាក់ស្តែងពិតប្រាកដណាស់ តាមការបញ្ជាក់របស់លោក ស្រី ណាល់ មេឃុំកំពង់គោ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋរបស់លោកចំនួនពីររូប ឈ្មោះ ប៉ាត លេខ និងឈូក ចម្រើន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ លោកបញ្ជាក់ថា មុនការចាប់ខ្លួនពលរដ្ឋ របស់លោកទាំងពីររូបខាងលើ លោក ហម ហ៊ុន បាន ហៅទូរស័ព្ទទៅរូបលោកឲ្យរូបលោកហៅប្រជាជនរបស់លោកចំនួនបួនរូបទៅ ស្រាយបំភ្លឺ ដើម្បីធ្វើរបាយការណ៍ឡើងទៅលើ។ ប៉ុន្តែផ្ទុយទៅវិញ នាយខ័ណ្ឌរូបនេះបែរជាភូត កុហករូបលោក ពេលប្រជាពលរដ្ឋទៅដល់ខ័ណ្ឌជលផលបែរជាឲ្យកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនទៅវិញ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋរបស់លោក គឺជាប្រជាជនក្រីក្រ បានធ្លាប់ស្នើរសុំដីសុំធ្វើ កសិកម្មចំនួន២៥គ្រួសារ ស្មើរ១០០ហិចតា ស្មើរ៤ ហិចតាក្នុងមួយគ្រួសារ, ប៉ុន្តែរូបលោកបានប្រាប់ ប្រជាពលរដ្ឋទៅវិញថា រូបលោកមិនហ៊ានផ្តល់ជូននោះទេ ព្រោះជាដីព្រៃរបស់រដ្ឋ និងហាមមិនឲ្យ ទន្រ្ទាននោះឡើយ។ បើនិយាយចំពោះ លោក ហ៊ុល ហៀញ ប្រធានសហគមន៍ឃុំកំពង់គោ, លោក គក់ គឿន, លោក ខ្លូត និល និងលោក ប៊ុន នី ហៅប៊ី វិញ! លោកធ្លាប់ហៅមកធ្វើកិច្ចសន្យាផ្តិតមេដៃ បញ្ឈប់ ប៉ុន្តែបុគ្គលទាំងអស់នេះមិនព្រមផ្តិត មិនដឹងជាអាងអ្នកណានៅក្រោយខ្នងនោះទេ។ ហើយសកម្មភាពឈូសឆាយ តែងតែធ្វើការឈូសឆាយរហូតមកដែរ! ឃើញដូច្នេះរូបលោកបានរាយ ការណ៍ទៅមន្ទីរជំនាញ ដើម្បីដាក់ជូនអភិបាលខេត្ត ប៉ុន្តែរហូតមកដល់ថ្ងៃនេះពុំមានលទ្ធផលអ្វីគួរ កត់សម្គាល់នោះទេ។ ងាកមកកាន់ប្រភពប្រជាពលរដ្ឋវិញបន្តថា ក្រោយពេលចាប់ខ្លួនប្រជាពលរដ្ឋ ចំនួនពីរូបខាងលើនេះរួច ក្រុមជនទាំង៤នាក់ខាងលើ នៅតែបន្តរុញដីព្រៃលិចទឹក និងដើរបោះពាក្យ សំដីបន្ថែមថា ប្រសិនបើអ្នកណាហ៊ានរារាំង និងរាយការណ៍ទៅកាន់សមត្ថកិច្ចទៀត ក្រុមពួកគេនឹង ឲ្យលោក ហម ហ៊ុន លែងកោះហៅទៀតហើយ គឺមកចាប់ខ្លួនដល់ផ្ទះតែម្តង។
គួរបញ្ជាក់ថា៖ ទីតាំងខាងលើដែលឈូសឆាយនេះ គឺត្រូវបាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងចុះបង្ក្រាប យកត្រាក់ទ័រចំនួន១៨ គ្រឿងមករក្សាផ្ញើរទុកនៅបរិវេណស្នងការនគរបាលខេត្តកំពង់ធំ និងចាប់ខ្លួនតៃកុងត្រាក់ប៉ុន្មាននាក់រួចមកហើយ កាលពីមុនថ្ងៃចូលឆ្នាំ និងថ្ងៃចូលឆ្នាំខ្មែរ នាខែមេសា ឆ្នាំ២០១៩ កន្លងទៅ តែមិនឃើញចាប់មេក្លោងជាម្ចាស់គ្រឿងចក្រដែលទន្ទ្រាន នោះទេ។ ចាប់តាំងពីពេលនោះមកស្ងាត់គ្រឿងយន្តឈូសឆាយមួយរយៈពេល ក្រោយមកគ្រឿងចក្រចូលឈូសឆាយច្រើនលើសដើម។ ជាពិសេសរបស់លោក គក់ គឿន និងលោក ខ្លូត និល កាលពីមុនមាន៤គ្រឿង ឆ្នាំនេះ៦គ្រឿង រួមទាំងត្រង់ស៊ីន័រ ចំនួន០៣ គ្រឿងទៀត។ “ការសង្កេតឃើញបែបនេះ ធ្វើឲ្យអ្នកសារព័តមាន និងមហាជន ដាក់ជាសំណួរថា តើលោក សុខ លូ និងមន្រ្តីក្រោមឱវាទ គឺសុទ្ធជាបក្សពួកតែមួយ ក្នុងការបើកដៃឲ្យឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋរក្សាទុកដែរឬទេ?” “ឬមួយមន្រ្តីក្រោមឱវាទទាំងអស់នេះ សុទ្ធតែជាបក្សពួករបស់លោក សុខ លូ។
លោក ហម ហ៊ុន នាយខ័ណ្ឌរដ្ឋបាលជលផលបានអោយដឹងថា ការលួចឈូសឆាយដីវាលក្រោមក្នុងចំនុចខាងលើគ្មានច្បាប់នោះទេ ហើយក៏គ្មានអ្នកណាចេញច្បាប់អោយដែរ។
លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយបានអោយដឹងថាចំនុចដែលបានរៀបរាបខាងលើតាមការសន្និដ្ឋានគឺមិនទានមានការឈូសឆាយនោះទេ ដោយសារតែចំនុចទឹកទើបតែស្រក តែលោកសារលោកក្ដាបមិនទានបាន លោកថា និងចុះស្រាវជ្រាវចំនុចខាងលើនេះនាពេលខាងមុន ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ