Thu. Nov 21st, 2024

នគរបាលប៉ុុស្តិ៍ព្រៃសឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចកាច់សោរកម៉ូតូ

នគរបាលប៉ុស្តិ៍ព្រៃស ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចកាច់សោរកម៉ូតូ

ដោយ៖ អែល វិចិត្រ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ព្រៃស ចាប់ឃាត់ខ្លួន ករណីប៉ុនប៉ងប្រើសោរចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ របស់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ សោរចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោរម៉ូតូចំនួន០១, ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោរផ្ទះចំនួន០២, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ កំពុងឈប់ម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ម្នាក់ឯងនៅក្នុងដីឡូតិ៍ខាងលើ ហើយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ធ្វើការឆែកឆេររកឃើញវត្ថុតាង នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាបានទិញសោរចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន០១ ពីឈ្មោះ ឌី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ និងទិញម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BH-7735 មានលេខតួ និងលេខម៉ាស៊ីន 0003513 ហើយជិះម៉ូតូម៉ាកស្កូបពីខាងលើដើររកមើលទីតាំងសម្រាប់ធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រាកដមែន ។

ក្នុងនោះ ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវ ច្បាប់តែម្តង ៕ ដោយ យ៉ុនសុខឃីម

You may have missed