
មន្ត្រីពន្ធដារម្នាក់ត្រឡប់ពីផឹកស៊ីជាមួយមិត្តភក្ដិ ត្រូវបានរថយន្តធុនធំបុកស្លាប់
(ភ្នំពេញ)៖ មន្ត្រីពន្ធដារម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ បន្ទាប់ពីជិះម៉ូតូ ចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តធុនធំ មិនស្គាល់ម៉ាក បើកបុក ចំពីចំហៀង ខាងក្រោយ ពេញទំហឹង រួចបើករត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចមុខសាលាសង្កាត់ទឹកល្អក់ទី៣ ម្តុំឃ្លាំងរំសេវ នៅតាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សពជនរងគ្រោះ មានឈ្មោះ តែ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីរាជការពន្ធដារ នៅផ្ទះលេខ ២៥សេអឺ០ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទឺ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះបានបើកម៉ូតូ ម៉ាកហុងដា ឃ្លីច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV6788 ជិះតែម្នាក់ឯង។
តាមប្រភពពីបងស្រីម្នាក់ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា ជនរងគ្រោះ បើកម៉ូតូតាមបណ្តោយផ្លូវ ១៩២ ក្នុងទិសដៅពីទិសខាងលិច ទៅខាងកើត លុះមកដល់ចំណុច កើតហេតុខាងលើ ក៏មានរថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវ ២៥៣ ទិសដៅពីខាងត្បូង ទៅខាងជើង បុកចំពីចំហៀងខាងក្រោយ ពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ខ្ទាតចេញពីលើម៉ូតូ បោកផ្ទប់ទៅនឹងបង្គោលភ្លើងថ្ម បែកក្បាល និងបែកមុខ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្ក បានបើក រត់គេចខ្លួន បាត់ស្រមោល។
ដោយឡែកបើតាមសម្តីមិត្តភ័ក្ដិ បានប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ ពួកគាត់ជួបជុំគ្នាផឹកស៊ីរួចក៏បែកគ្នា ទៅផ្ទះរៀងៗខ្លួន មិននឹកស្មានមិត្តភ័ក្ដិ របស់គាត់ មកជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់បែបនេះ ទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកពិនិត្យ នៅនឹងកន្លែង កើតហេតុវាស់ វែង យកម៉ូតូទៅរក្សាទុក រួចធ្វើកំណត់ហេតុ ប្រគល់សពជនរង គ្រោះ ឲ្យទៅសាច់ញាតិ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ