Fri. Apr 18th, 2025

បង្ក្រាបមួយកន្លែងបើកមួយកន្លែងទៀត!ល្បែងជល់មាន់បៀរនិងអាប៉ោងកំពុងបើកលេងយ៉ាងសកម្មនៅជិតស្ពានអាកាសស្ទឹងមានជ័យ

 

ភ្នំពេញ ​៖ ទីតាំងល្បែង​ជល់​មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។

​កន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ​ដែលទីតាំង ជល់មាន់ មានទាំងល្បែងបៀរ និងអាប៉ោង ខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលម្ចាស់ទីតាំងមាន ​ឈ្មោះ ​ឆើត ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា​ជាង​មុនទៅទៀត។

​ហើយបើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ​ ចំ​ណែ​កចាក់បៀរ និងអាប៉ោងវិញ ក៏មិន​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ពាន់ដូចគ្នា។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមា​នជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។

​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។

​​​​បើ​តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។

​កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង។

​ពាក់ព័ន្ធល្បែងស៊ី​សងក្នុង មូ​លដ្ឋានខណ្ឌមានជ័យ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ រាល់ពេលដែលអ្នកសារព័ត៌មាន ខល ទៅសម្ភាសន៍ លោកតែងតែនិយាយថា រាប់រយនាក់ហើយដែលខលមកសម្ភាសន៍លោក ​ពាក់ព័ន្ធបញ្ហានេះ។

​មហាជនមានការងឿងឆ្ងល់ថា ទីតាំងខាងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់​ហើយមើលទៅ?៕

You may have missed