ភ្នំពេញ៖ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៤។
តុលាការបានចេញដីកា បង្គាប់ឲ្យនគរបាលចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗ តែម្តងនៅក្នុងបរិវេនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ។
នៅក្នុងសវនាការនាពេលកន្លងទៅ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស បានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយរឿងនេះត្រូវគេប្រឌិត ឡើងដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។
គួររម្លឹកថា កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងបទល្មើសខាងលើ។
ករណីឃាត់ខ្លួន រហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះ ដោយសារតែជនជាប់ចោទទាំង ២នាក់ បានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាព ទៅបម្រើការងារតាមផ្ទះនៅ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីអំឡុងឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៧៕





More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់