Fri. Jun 6th, 2025

សម្ដេចក្រទ្បាហោមសខេងបានសម្រេចផ្អាកការងារបណ្នោះអាសន្នលោកឧត្តមសេនីយត្រីស្រេងសុខាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ភ្នំពេញ ៖ យោងតាមសេចក្ដីសម្រេច ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម សរ ខេង បានសម្រេចផ្អាកការងារ បណ្ដោះអាសន្ន លោកឧត្ដមសេនីយត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាលដោយតម្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំសេចក្ដីសម្រេចជាថ្មី ។

សូមរំលឹកថា នៅអំឡុងដើមឆ្នាំ២០១៩ លោកផ្កាយ១ ស្រេង សុខា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតទ្រព្យសម្បត្តិ បន្ទាប់ពីលោកផ្កាយ១ ស្រេង សុខា បានសំញែងទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់ ពេលចូលស្ដីដណ្ដឹងនារីម្នាក់ ។ក្រោយការស៊ើបអង្កេត អង្គភាព ប្រឆាំងអំពើពុករលួយ ពុំរកឃើញភស្តុតាងណាមួយ ដើម្បីដាក់បន្ទុក រហូតឈានដល់ការផ្ដន្ទាទោសលោកផ្កាយ១នេះទេ ដោយហេតុទ្រព្យទាំងនោះ កើនឡើងដោយសារជំនួញដីធ្លី ។

បន្ទាប់មកទៀត លោកផ្កាយ១ ស្រេង សុខា ក៏ត្រូវបាន ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល ប្រតិកម្មខ្លាំងៗ ក្រោយទទួលព័ត៌មានថា លោកផ្កាយ១ ស្រេង សុខា បានយកឈ្មោះគាត់ ពីមុនជាអភិបាលខេត្ត ទៅបញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋ ជាង៤០ហិកតា ដែលជាការប្រមាថធ្ងន់ធ្ងរ ដល់អំណាច គណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើឱ្យមន្ត្រី ថ្នាក់មូលដ្ឋានខ្លាចរអា ។

ភ្លាមៗ លោកផ្កាយ១ ស្រេង សុខា បានធ្វើការ បដិសេធ​ការចោទប្រកាន់ថា​ លោកមិនបានយកឈ្មោះ​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អតីតអភិបាល​ខេត្ត​កណ្ដាល​ ទៅអោយចៅសង្កាត់​ រការខ្ពស់​ ចុះហត្ថលេខា​ លេី​ឯកសារ​សុំចុះបញ្ជីដីធ្លី ពាក់ព័ន្ធ​លេីដី​រដ្ឋ​នោះទេ ។

ទន្ទឹមនឹងនេះ ក៏មាន ប្រជាពលរដ្ឋជាច្រើននាក់ បានរួមគ្នាប្ដឹង លោក ស្រេង សុខា ចំពោះបញ្ហា សាងសង់ផ្ទះរំលោភ លើផ្លូវសាធារណៈរបស់រដ្ឋ និងរំលោភលើដីព្រំអ្នកជិតខាងផងដែរ ។ លោកផ្កាយ១ ស្រេង សុខា ក៏មានផ្ទះសំណាក់មួយ នៅខេត្តកណ្ដាល ដែលកន្លងមក សមត្ថកិច្ចបង្ក្រាប បានភ្ញៀវ ដែលជាក្រុមគ្រឿងញៀន និងក្រុមចោរឆក់ នៅទីនោះផងដែរ ។