នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលខ្មែរ ដោយគ្មានការត្រួតពិនិត្យ ទាំងយប់ទាំងថ្ងៃ.!
ខេត្តព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតព្រំដែន និងអង្គភាពសារព័ត៌មានក្នុងស្រុក ដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ ច្រកស្វាយអាង៉ោ ស្ថិតក្នុងភូមិសាស្ត្រភូមិរូង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាម ។

បើតាមប្រភពពីកន្លែងលើកដាក់ទំនិញបានឱ្យដឹងថា រាល់ពេលមានការដឹកជញ្ជូនទំនិញឆ្លងដែនទាំងនោះ គឺធ្វើឡើងយ៉ាងរលូនខុសប្រក្រតី ដោយគ្មានវត្តមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យប្រភព និងប្រភេទមុខទំនិញនោះទេ ដែលធ្វើឱ្យមហាជនឆ្ងល់ជាសំណួរថា តើនេះជាការបែងចែកផលចំណេញចូលហោប៉ៅបុគ្គល ឬជាការគប់គិតគ្នាបើកដៃឱ្យឈ្មួញគេចពន្ធរដ្ឋ ?
ភ្នាក់ងារសារព័ត៌មានយេីងបានព្យាយាមទាក់ទងសុំការពន្យល់ពីលោក ផល មេប៉ុស្តិ៍ច្រករបៀងមួយនេះដែរ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ដោយទូរស័ព្ទចូលគ្មានអ្នកលើក ដែល ស បញ្ជាក់ឱ្យឃើញពីភាពគេចវេស និងមិនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។
ជុំវិញភាពមិនប្រក្រតីនេះ សាធារណជន និងអង្គភាពសារព័ត៌មានយើង សូមសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ទោ ស្នងការ ដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងស៊ើបអង្កេតលើកងកម្លាំង ឬមន្ត្រីប្រចាំការនៅច្រករបៀងស្វាយអាង៉ោងជាបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនឱ្យបានហ្មត់ចត់។ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយចាត់មន្រ្តីជំនាញអធិការកិច្ចក្រសួងចុះស្រាវជ្រាវភាពមិនប្រក្រតីរបស់មេប៉ុស្តិ៏ច្រកស្វាយអាង៉ោងនិងបក្សពួកជាបន្ទាន់ផងទាន៕
