Tue. Dec 3rd, 2024

ម៉ូតូអត់ពន្ធជាច្រើនគ្រឿង ក្នុងមួយថ្ងៃនាំចេញ ពីប្រទេសវៀតណាម ចូលតាមច្រករបៀង សំរោងស្រុកចន្រ្ទា

ខេត្តស្វាយរៀង ៖ ពលរដ្ឋនៅឃុំសំរោងលើកឡើងថា រយៈពេលជិតមួយខែដើមឆ្នាំ២០១៩នេះ មានឈ្មួញវៀតណាមលួច..

ខេត្តស្វាយរៀង ៖ ពលរដ្ឋនៅឃុំសំរោងលើកឡើងថា រយៈពេលជិតមួយខែដើមឆ្នាំ២០១៩នេះ មានឈ្មួញវៀតណាមលួច នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងសំរោង ដូចហែកឋិននិងមានដឹកតាមរថយន្តធុនធំផង តែគ្មានឃើញសមត្ថកិច្ចណា អើពើឡើយសង្ស័យត្រូវថ្នាំ ឬទទួលបានសំណែនហើយទើប ឈ្មួញនាំចូលយ៉ាងរលូនបែបនេះ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ចាប់ពីដើមខែមករាឆ្នាំ២០១៩មក ដល់ថ្ងៃទី២២មករានេះ ក្រុមឈ្មួញបានសម្រុក នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលតាមច្រករបៀង សំរោងដែលនៅខាងត្បូងច្រកទ្វារ តំបន់ព្រំដែនសំរោងប្រមាណជា៣០០ម៉ែត្រ ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកចន្ទ្រា ដែលក្នុង១ថ្ងៃៗមិនក្រោម១០គ្រឿងទេ ដោយមានអ្នកស៊ីឈ្នួលជិះ និងមានអ្នកមកប្រមូលទិញយកទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀតផងដែរយ៉ាងរលូន។

ប្រភពដដែលបន្តទៀតថា ហើយម៉ូតូដែលឈ្មួញនាំចូលមកនោះ គឺប្រភេទហុងដាសេ១១០ម៉ាកវ៉េវហៅឆ្លាម តម្លៃដល់ដៃឈ្មួញខ្មែរក្នុង១គ្រឿង ចាប់ពី៥៨០ដុល្លារ រហូតទៅ៨០០ដុល្លារតាមស៊េរី ឬម៉ូតូថ្មីល្អ។

បើតាមឈ្មួញដែលជាអ្នករកស៊ីទទួលទិញម៉ូតូពីវៀតណាមម្នាក់បានបង្ហើបឲ្យដឹងថា ពួកគាត់ទទួលពីវៀតណាមយកមកលក់បន្តឲ្យឈ្មួញ នៅក្រុងស្វាយរៀងជាអ្នកប្រមូលទិញ ហើយពួកគាត់បានបង់ប្រាក់ឲ្យសមត្ថកិច្ចដែលឈរជើងនៅព្រំដែនក្នុង១គ្រឿង២០ដុល្លារ។

ចំពោះការនាំម៉ូតូចេញនេះមិនដឹងថា សមត្ថកិច្ចឈរជើងតាមដងផ្លូវបានដឹងឬយ៉ាងណាទេ។ ក៏ប៉ុន្តែពួកឈ្មួញរកស៊ីម៉ូតូគេចពន្ធ ទាំងនោះបានបង្ហើបទៀតថា ថៅកែម៉ូតូនេះគេរកស៊ីយូរឆ្នាំមកហើយ មិនដែលសមត្ថកិច្ចណាហ៊ានចាប់ទេ ទំនងមានខ្នងធំណាស់។

ទាក់ទិនករណីខាងលើនេះដែរមន្ត្រីសាខាគយ និងរដ្ឋាករសំរោង ស្រុកចន្ទ្រាបានមានប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា ពុំមានម៉ូតូដឹកតាមរថយន្តធុនធំនោះទេ ហើយស្នាក់ការនៅសំរោងគឺមន្ត្រីធ្វើទុក គ្រាន់ចុះទៅល្បាតម្តងម្កាលប៉ុណ្ណោះភាគច្រើន មន្ត្រីគយនៅប្រចាំការឯសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងពោលចុះល្បាតម្តងៗ ហើយចង់ដឹងព័ត៌មានសួរទៅលោក វឌ្ឍនៈ មន្ត្រីគយខេត្តទៅ។

ទាក់ទិនការលោក សុខ ម៉ក មេប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីសំរោងបានប្រាប់តាមទូរស័ព្ទថា សព្វថ្ងៃនៅតាមច្រកទ្វារព្រំដែនរបស់លោកប្រចាំការអត់មានការនាំម៉ូតូចូលទាំងឡាននោះទេ សូម្បីតែមួយគ្រឿង។លោកបានបន្តទៀតថា ច្រករបៀងនៅខាងត្បូងប៉ុស្តិ៍លោកនោះ គឺមានផ្លូវតូចដែលរោងម៉ូតូឌុបចាំដឹកភ្លៀវ មកលេងមាន់ជល់នៅកាស៊ីណូប៉ុណ្ណោះ ហើយគ្មានការលួចនាំម៉ូតូចូលនោះដែរ។ លោកបានបន្តទៀតថា ការបង់លុយកាក់ក៏គ្មានដែរ៕

You may have missed