Sat. Apr 19th, 2025

ជិះម៉ូតូដេញតាមក្រុមចោរឆក់កាបូបបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់២នាក់!

ភ្នំពេញ ៖ បុរសជនជាតិចិន និងនារីជនជាតិខ្មែរ២នាក់ ជិះម៉ូតូដេញតាមក្រុមជនសង្ស័យ ដែលគេសង្ស័យថា បានឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានគេជួយហៅរថយន្តសាមុយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៥០នាទីទីបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវ២១៧ កែងនិងផ្លូវលេខ១៣៩ ក្នុងសង្កាត់អូរឫស្សីទី១ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-5270 ឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច ដោយស្រែថា ចោរៗ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរេចង្កូតឡើងទៅខឿនផ្លូវទៅបុកនិងទនើដែក ដែលគេដាក់លក់ផ្លែឈើ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ជុំវិញនិងករណីនេះដែរ គេមិនទាន់ដឹងថា ក្រុមជនសង្ស័យឆក់យកកាបូបពីជនរងគ្រោះបានសម្រេច ឬយ៉ាងណានោះទេ។

ដោយឡែក សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ករណីខាងលើនេះ មិនដឹងថា ជាករណីឆក់កាបូប ឬជាករណីអ្វីឲ្យច្បាស់នៅឡើយទេ ព្រោះពេលសមត្ថកិច្ចមកដល់ឃើញជនរងគ្រោះដួលសន្លាប់អស់ ក៏ហៅរថយន្តដឹកទៅសង្គោះតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ទុកប្រគាល់ឲ្យក្រុមគ្រួសារនៅពេលក្រោយ៕

You may have missed