
ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសួនច្បារមុខវត្តបទុមវតី ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្ក កាមរីហៃប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7942 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរីឆ្លាមមួយគ្រឿងនិងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។
ក្រោយមកគេឃេីញ រថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល សម្ភពរស្មី បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបេីករថយន្តបង្ក បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមកកន្លែងកេីតហេតុ ស្រាប់តែកេីតមានភាពច្របូកច្របល់ រវាងប្រជាពលរដ្ឋ និងភាគីរថយន្តបង្ក ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕





More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច