ខេត្តរតនគិរី: លោកឧត្តមសេនីយត្រី ថាវ យ៉េន ឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និង ណាប់ វណ្ណៈ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានញញើតអ្វីទាំងអស់កន្លងមកឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហូវ ជីវ៉ៃ ហៅអាវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ ធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដោយសារពេលនោះលោក គឹម រស្មី នៅធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងជាបង្អែករបស់ឈ្មួញទាំង២នាក់នេះ។ ដូច្នេះហើយទើបមានការកត់សម្គាល់ថា លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មិនទាន់យកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនៅឡើយទេ ហើយក្រុមឈ្មួញដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងតាមច្រករបៀងជាច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ ក៏ដូចជាច្រកព្រំដែនក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស។ ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរាលដាលដូចមុនដដែល គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលអាងមានខ្នងបង្អែករឹងមាំ។ ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានបញ្ជាក់ថា ក្រុមឈ្មួញដែលបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគឃ្លើននាពេលបច្ចុប្បន្នគឺសុទ្ធតែជាក្រុមឈ្មួញដែលមានខ្នងបង្អែករឹងមាំហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូនទៀតផង។ ជាក់ស្ដែងក្រោយពេលលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ទទួលបានតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី រួចមកគឺឈ្មួញជាមន្ត្រីអាវុធហត្ថឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាល់តែសោះ។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ក្នុងខណៈដែលព្រៃឈើនៅខេត្តរតនគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខ។ ជាងនេះទៅទៀតលោក ថង សាវុន អភិបាលខេត្តរតនគិរី និងប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ កំពុងបណ្ដោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាល៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង