Thu. Nov 21st, 2024

រដ្ឋបាលរាជធានីភ្នំពេញប្រាប់ឱ្យ​អ្នកបើក​ម៉ូតូ​កង់បី និងម៉ូតូ​សណ្តោងរ៉ឺម៉កទៅរៀន​យក​ប័ណ្ណបើកបរ

ភ្នំពេញ ៖ រដ្ឋបាល​រាជធានីភ្នំពេញបាន​អញ្ជើញ​អ្នក​បើកបរ​យានយន្ត​ត្រីចក្រយានយន្ត និង​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក រួសរាន់ចូលរួម​វគ្គបណ្តុះបណ្តាល​ច្បាប់ចរាចរណ៍​ផ្លូវគោគ ឱ្យបាន​គ្រប់​ៗគ្នា ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ និង​ដើម្បី​ឱ្យ​ការ​ធ្វើចរាចរណ៍​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០១៩។

រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​ចាត់​ឱ្យ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ រៀបចំ​វគ្គបណ្តុះបណ្តាល​នេះ ជូន​ដល់​អ្នកបើកបរ​យាន​យន្ត​ប្រភេទ​ខាងលើ​ដោយឥតគិតថ្លៃ ជារៀងរាល់​ថ្ងៃសៅរ៍ ចាប់ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥ល្ងាច និង​មាន​រយៈពេល ២ខែ គិត​ចាប់ពី​ថ្ងៃទី២ មីនា ដល់ ៤ ឧសភា ឆ្នាំ​២០១៩។ វគ្គ​បណ្តុះ​បណ្តាល​នេះ ធ្វើឡើង​នៅ​អង្គភាព​ផ្តល់​បណ្ណបើកបរ​យានយន្ត ផ្លូវលេខ​៥៩៨ សង្កាត់​ច្រាំងចំរេះ​ទី២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងនេះ បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​រួច អ្នកបើកបរខាងលើ អាច​ដាក់ពាក្យ​ប្រឡង​ទ្រឹស្តី និង​ប្រឡង​ដៃចង្កូត ដើម្បី​ទទួល​បាន​បណ្ណបើកបរ​យានយន្ត​ប្រភេទ (ក)។ ផុតពី​រយៈពេល ២ខែ បន្ទាប់ពីការជូនដំណឹង​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រឹតបន្តឹង​អនុវត្ត​តាមច្បាប់​ចរាចរណ៍​​ផ្លូវគោក​ជាធរមាន ដោយ​មិនមាន​ការលើកលែង​អធ្យាស្រ័យ​ទៀតឡើយ៕

You may have missed