Sun. Apr 20th, 2025

ការបញ្ជៀសចរាចរក្នុងព្រះរាជពិធីបុណ្បអុំទូកបណ្ដែតប្រទីបនឹងអកអំបុកសំពះព្រះខែ

ភ្នំពេញ ​៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្ម ក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

១​- រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរចូលក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី ប៉ុន្តែអាចចរាចរបាន ចាប់ពីម៉ោង២២:០០នាទី រហូតដល់ម៉ោង១០:០០នាទី។
២​- ហាមមិនឱ្យរថយន្តធុនធំ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញ និ​ងផ្អាកការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើផ្លូវច្រាំងទន្លេសាប ផ្លូវលេខ១៣០ ផ្លូវលេខ៥ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារសដល់កែងផ្លូវស្ថានទូតរុស្សី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសប៊ិត មហាវិថីព្រះសុរាម្រិត កំណាត់តីរវិថីព្រះស៊ីសុវត្ថិដល់កែងផ្លូវលេខ១៣០។
៤- នៅផ្លូវជាតិលេខ១ ៖ ​រថយន្តធុនធំ និ​ងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូលចតនៅក្នុងបរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចៀសចរាចររថយន្តធុនធំ ចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើ​រគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្សី ​និងតាមបណ្តោយផ្លូវលេខ៣៦៩(ខាងត្បូងវត្តព្រែកប្រា)។
៥- នៅផ្លូវជាតិលេខ២ ​៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងមកត្រូវចូលចតចំណតចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យបាក់អង្រៃ ទីធ្លាវត្តចាក់អង្រែលើ។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចតនៅខាងជើងរង្វង់មូលដី ក្រហម។
៦- នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ​៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។ សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះរថយន្ត និងម៉ូតូសណ្តោង រ៉ឺម៉កដឹកអ្នកដំណើរមកទស្សនា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់ចតមិនឱ្យហួសស្តុបណតប្រឹតឡើយ។
៧- នៅផ្លូវជាតិលេខ៥ ​៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចតនៅចំណតគីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវចូលចតនៅសាលាដែកដោយមិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។
៨- នៅផ្លូវជាតិលេខ៦ ៖​ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់តាមមហាវិថីឈ្នះឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍន៍ OCIC។
៩- នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១ ​៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅខាងត្បូងស្ពានម័ល។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់។
១០- នៅផ្លូ​វចោមចៅ (ផ្លូវវេងស្រេង) ៖ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កដែលចូលតាមមហាវិថីសម្តេចព្រះមុនីរ៉េត ត្រូវចូលចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ។ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ។
១១- ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់៕

You may have missed