Sat. Apr 19th, 2025

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តពីរគ្រឿង បានបុកគ្នា ដោយមួយគ្រឿងជារថយន្តដឹកអង្ករ បានជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្ដាល បណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង រីឯរថយន្តដឹកអង្ករ ជ្រុលទៅបុកសួនផ្លូវជាប់ហ្គ្រាហុយផ្សែងចេញជាអណ្តាតភ្លើង បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៩ នៅចំណុចស្តុបបែកជាបួនប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2197 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ឆ្លងកាត់ផ្លូវភ្នំពេញហាណូយ ឆ្ពោះទៅផ្លូវសម្ដេចជាស៊ីម ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកមីតស៊ុយមិតស៊ីធុនធំដឹកអង្ករ មួយគ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-3128 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូងលឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកុងតឺន័រ បណ្តាលឱ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង ចំណែកឯរថយន្តដឹកអង្ករ ជ្រុលចង្លូតទៅបុកសួនផ្លូវខ្ទេចផ្នែកខាងមុខជាប់ហ្គ្រាហុយផ្សែងគាំងម៉ាស៊ីនចេញជាអណ្តាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការាជធានីភ្នំពេញ ចំនួន១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឲ្យឆេះរាលដាលបន្តទៀត។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលមានរងរបួសនោះទេ ខូចខាតតែរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

You may have missed