
បណ្តាញពត៌មានAKPបានចុះផ្សាយដោយយោងតាមការលើកឡើងរបស់ឯកឧត្ដមមាស សុភ័ណ្ឌអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបា្រប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPបានឲ្យដឹងថាឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលតែងតាំងថ្មីប្រចាំនៅកម្ពុជាបានស្នើសុំរដ្ឋមន្រ្ដីក្រសួងព័ត៌មានជួយគាំទ្រនិងសម្របសម្រួលដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) អាចជួលម៉ោងផ្សាយនៅតាមស្ថានីយវិទ្យុក្នុងស្រុកឡើងវិញបានសម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន។ឯកឧត្ដម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជាបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើន។ ជាពិសេសឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការសប្បាយរីករាយដោយបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ដក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអាម៉េរិកនិងកម្ពុជាឱ្យកាន់ប្រសើរឡើងនិងរឹងមាំជាបន្ដបន្ទាប់ទៀត។ ឯកឧត្ដមក៏បានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មានដែរថា នៅឆ្នាំក្រោយនេះ សហរដ្ឋអាមេរិក និងកម្ពុជា នឹងរៀបចំខួបលើកទី៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ នឹងរំលេចនូវសមិទ្ធផលដែលបានកើតចេញពីចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការការទូតក្នុងរយៈពេល៧០ឆ្នាំកន្លងមក។ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ ឯកភាពចំពោះការស្នើសុំរបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជា ក្នុងការអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចជួលម៉ោងផ្សាយ នៅតាមស្ថានីយវិទ្យុសំបុកឃ្មុំ និងស្ថានីយវិទ្យុ១០២ ក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ដើម្បីជួលម៉ោងផ្សព្វផ្សាយតាមស្ថានីយវិទ្យុក្នុងស្រុកបានតម្រូវឱ្យស្ថានីយវិទ្យុទាំងពីរនេះ ត្រូវធ្វើលិខិតស្នើសុំជាផ្លូវការមកក្រសួងព័ត៌មាន ដើម្បីបំពេញសំណុំបែបបទតាមផ្លូវច្បាប់ និងឯកសារគតិ្ដយុត្ដមួយចំនួន សម្រាប់ធ្វើការជួលម៉ោងផ្សាយនេះ។ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកគឺមានជាយូរលង់ណាស់មកហើយ និងបានស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាពង្រឹង និងពង្រីកនូវចំណងមិត្ដភាព កិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង