ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជាផងដែរ។
ការលើកឡើងបែបនេះ ខណៈដែលលោកអញ្ជើញក្នុងពិធីជួបជុំសំណេះសំណាលអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មិនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦មីនាម្សិលមិញ។ ទន្ទឹមនោះលោកក៏បានជំរុញឲ្យបងប្អូននារីខិតខំបង្កើនសមត្ថភាពដើម្បីទទួលបានទំនុកចិត្តក្នុងការងារ។
លោក ឃួង ស្រេង មានប្រសាសន៍បន្ថែមថា ៖ ប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស មានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គមដែលជាចក្ខុវិស័យសំរាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌ័រការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គមគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។
លោកបញ្ជាក់ថា នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្ត និងផ្តល់តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារីដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់សម័យកាល។ ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់នោះរដ្ឋបាលរាចធានីភ្នំពេញក៏បានផ្តល់កាដូជាទឹកប្រាក់ដល់បងប្អូននារីទាំង២៦០នាក់ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង