Fri. Nov 22nd, 2024

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីម មុខវិទ្យាល័យជាស៉ីមជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY LE ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-9950 បើកបរដោយបុរសម្នាក់ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីមក្នុងទិសដៅចរាចរណ៍ពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុរថយន្ត CAMRY ខាងលើ បានបត់ត្រឡប់ក្រោយមុខវិទ្យាល័យជាស៉ីមជ្រោយចង្វារក៏ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA HILUX REVO ពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-8383 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលបុកចំពាក់កណ្តាលរថយន្តCAMRY ពេញមួយទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ តែសំណាងល្អហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។ ភ្លាមៗនោះគេឃើញអ្នកបើករថយន្តស៊េរីទំនើបម៉ាក TOYOTA HILUX REVO ខាងលើបានរត់ចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការសហការគ្នាជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីធ្វើការវាស់វែង និងយករថយន្តទាំងពីរទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

You may have missed