Thu. Apr 10th, 2025

ខេត្កកណ្ដាល ៖ ប្ដីចិត្តឃោរឃៅ វាយធ្វើបាប នឹងកាប់សម្លាប់ប្រពន្ធ នៅកណ្ដាលវាស្រែ រួចរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ ឃុត សុផល ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ( រត់គេចខ្លួនបាត់ស្រមោល ) រីឯស្រ្តីរងគ្រោះជាប្រពន្ធ ឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទី ជនសង្ស័យជាប្តី បានប្រើអំពើហិង្សា វាយដំទៅលើស្ត្រីជាប្រពន្ធ ម្ដងរួចមកហើយ ខណៈនោះមានឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអ្នកជិតខាង រស់នៅភូមិជាមួយ បានចូលទៅជួយឃាត់ ហើយជនសង្ស័យ បាននិយាយថា៖ កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះ ឌុច ពេជ្រ បានដើរចេញ ដោយបានឃើញជនសង្ស័យ កាន់ដំបងប៉ុនកដៃ កូនក្មេង ប្រហែលប្រវែង ១ម៉ែ្រតជាង ចំនួន ១កំណាត់ និង ដៃម្ខាងទៀត កាន់កាំបិតផ្គាក់ ចំណែកឯស្ត្រីរងគ្រោះ កាន់ធុងជ័រពណ៌ក្រហម រួចនាំគ្នាដើរទៅរកក្តាម នៅចំណុច វាលស្រែ ខាងកើតភូមិបាត់ទៅ។

លុះដល់វេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើត ជនរងគ្រោះថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃ នៅវាលស្រែ ខាងកើតភូមិ ភ្លាមនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេ ព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យ ក៍ដើរចេញទៅបាត់ទៅ ។

លុះព្រឹកឡើង ស្រាប់តែមានប្រជាពលរដ្ឋ ដើរទៅស្រែ បានឃើញសាកសពជនរងគ្រោះដេកស្លាប់ នៅក្នុងស្រែ ហើយបានផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។

បន្ទាប់ពីសម្ថកិច្ចជំនាញស្រុក បានទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកពិនិត្យ លើខ្លួនសាកសព នៅកន្លែងកើតហេតុ រួចសន្និដ្ឋានថា៖ ជនសង្ស័យខាងលើ បានវាយជនរងគ្រោះ ឲ្យបាក់ដៃ រួចហើយជនសង្ស័យ បានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៍ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ។

បន្ទាប់ពីធ្វើការពិនិត្យរួច កម្លាំងផ្នែកជំនាញ បានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ចាត់ការតាមនីតិវិធី ។ ហើយចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

You may have missed