Tue. Dec 3rd, 2024

ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន ​មានប្រសាសន៍ថា ប្រធានបទ នៃ​ការ​កសាង​ទីក្រុង គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ និង​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ នាបច្ចុប្បន្ន​ ដែល​គប្បី​ណា​យក​មក​ពិចារណា​ដោះស្រាយ មុននឹង​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​ថ្មី​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងជំនួប​រវាង​ជាមួយ ​ឯកឧត្តម គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា (Christian Roger Okemba) អភិបាលក្រុង​ប្រា​ហ្សា​វិល​ (Brazzaville) ប្រទេស​កុង​ហ្គោ និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​វិ​មានសន្តិភាព ​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ​នេះដែរ​ ។

ជាមួយនឹង​បញ្ហា​ប្រឈម​នេះ សម្តេច​តេ​ជោ ក៏បាន​លើកឡើង​ដែរ​ថា យើង​មាន​បញ្ហា​ប្រឈម​នេះ​គឺ​បណ្ដាលមកពី​ការអភិវឌ្ឍ​ដែលមាន​ភាពជឿនលឿន​ជាទីបំផុត ហើយ​ការ​អភិវឌ្ឍ​នេះ ​សោត​ទៀត​គឺ​បាន​មក​អំពី កត្តា​សុខសន្តិភាព​ ស្ថេរភាព ដែល​កម្ពុ​ជា​មាន​, ទាំងនោះ​គឺជា​កត្តា​ទាក់ទាញ​នៃ​ការ​វិនិយោគ ហើយ​ការវិនិយោគ​នេះហើយ ដែល លេចចេញ នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កម្ពុជា​កំពុងតែជួបប្រទះ​។

សម្ដេច​តេ​ជោ​ ក៏បាន ផ្ដាំផ្ញើ​ជូន​ដល់​ប្រតិភូ​ទាំងមូល នូវ​ការគោរព និង​សួរសុខទុក្ខ​ដល់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​រប​ស់​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម ​ហើយ​បាន​ជូនពរ​ឱ្យ​កិច្ចប្រជុំ លើ​ប្រធានបទ ការ​កសាង​ទីក្រុង​ដែល​ជា​ប្រធានបទ​ដ៏​មាន​សារសំខាន់​នេះ​ទទួលបាន​ជោគជ័យ​។

សូមបញ្ជាក់ថា ​នៅក្នុង​ជំនួប​នេះ ឯកឧត្តម គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា តំណាង​ឲ្យ​ប្រតិភូ​ទាំងមូល ​បាន​មានប្រសាសន៍ថា ប្រតិភូ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ថ្វីត្បិតតែ​មិនទាន់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទូទាំង​ទីក្រុង​ភ្នំពេញ​ក៏ដោយ ​ក៏ប៉ុន្តែ​អ្វីដែល​បណ្ដា​អភិបាលក្រុង​ទាំងអស់ ​សង្កេតឃើញ និង​វាយតម្លៃ​នោះ​បាន​ឃើញថា ​រាជធានី​ភ្នំពេញ​គឺជា​ទីក្រុង​មួយ​ដែល​មាន​ភាពចំណាស់ ​ហើយក៏​មាន​ភាព​ធន់​ និង​ស្រស់បំព្រង​ផងដែរ​ ក្នុងន័យនេះ​ ឯកឧត្តម ​និង​ប្រតិភូ​ទាំងមូល ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធ្វើការ​សង្កេតការណ៍​ដើម្បី​យក​បទពិសោធន៍​ទាំងនេះ ទៅ​អនុវត្ត​នៅ​តាម​ប្រទេស​របស់គាត់ ​រៀងៗ​ខ្លួន​ថែមទៀត ៕

You may have missed