Skip to content
រសៀលថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០នេះនៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។ សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន ៤៥០នាក់ ហើយបើសរុបពលរដ្ឋទាំងអស់ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជា ៦៥៥០០នាក់ កំពុងបំរើការងារ ជាមួយប្រាក់ឈ្នួលសមរម្យ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានសុំអោយម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាសនានានៅប្រទេសកូរ៉េនេះ សូមជួយមើលថែកូនក្មួយកម្មករ កម្មការនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះអោយបានល្អផង។ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។ ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ ទំនិញកម្ពុជា នាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។
សម្ដេចតេជោក៏បានបង្ហាញនូវក្តីមោទនភាពចំពោះផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលត្រូវបាននាំចូលមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលនេះក៏ជាការបង្ហាញអំពីភាពរីកចម្រើននៃវិស័យកសិកម្មផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលមានគុណភាពល្អអាចនាំមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េបាន។សម្តេចតេជោក៏ជំរុញឲ្យមានការគាំទ្រផ្លែស្វាយកម្ពុជា និងជំរុញលើកទឹកចិត្តឲ្យកសិករកម្ពុជាបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមផងដែរ ដើម្បីមានឱកាសនាំចេញមកកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ទៀត។សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យពលរដ្ឋ និងនិស្សិតទាំងអស់ដែលរស់នៅ និងសិក្សានៅប្រទេសកូរ៉េនេះ ត្រូវគោរពច្បាប់ប្រទេសគេ ហើយត្រូវខិតខំប្រឹងប្រែងធ្វើការ និងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់បងប្អូនកូនក្មួយ និងនស្សិតទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃខំស្កាត់មកពីបណ្ដាតំបន់ផ្សេងៗមកជួបសម្ដេចនាពេលនេះ។នៅក្នុងឱនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជូនបងប្អូនកូនក្មួយដែលបានចំណាយពេលវេលាមកជួបសម្តេចនាពេលនេះនូវសៀវភៅអប់រំទូន្មាន២ក្បាលម្នាក់ របស់ ភិរម្យ អ៊ូ (ក្រមង៉ុយ) និងបណ្ឌិត អ៊ូ ចុង និងក្រមាម្នាក់១។ សម្តេចតេជោ បានជូនពរដល់កូនក្មួយទាំងអស់ ដែលកំពុងបំរើការងារ និងសិក្សានៅទីនេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
1 min read
1 min read
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង