Thu. Nov 21st, 2024

រថយន្តTOYOTA HARAIRបុកម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ហេីយព្យាយាមបេីករត់គេច

ភ្នំពេញ: បុរសពីរនាក់ បើករថយន្ត១គ្រឿង មិនប្រយ័ត្នទៅប៉ះម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួស ដោយភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទ្បើយ ព្យាយាមបើកគេចខ្លួនចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ប្រមាណ៣០ម៉ែត្រ តាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស័រគីឡែត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GN-1384 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦១ ។ លុះមកដល់ចំណុចកើតហេតុម៉ូតូខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ១០៦ តែខណ:ពេលឆ្លងបានបន្តិច ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក TOYOTAHARAIR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-1149 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងលើពេញទំហឹង បណ្ដាលឲ្យបែកកាបាំងខាងមុខចំហៀងខាងស្តាំ រីឯអ្នកបើកម៉ូតូរងរបួសបែកមុខបែកមាត់។ ដោយទ្បែករថយន្ត បានរងការខូចខាតក្រពឹត និងបែកកាងចំហៀងខាងឆ្វេង។

ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យតែម្ដង។

មួយស្ទុះក្រោយមក ស្រាប់តែអ្នកបើករថយន្ត បាននាំគ្នាឡើងលើរថយន្ត បំណងព្យាយាមបើកគេចខ្លួន ចេញពីពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយជិះម៉ូតូដេញតាមពីក្រោយរថយន្តខាងលើ រហូតដល់សមត្ថកិច្ចមូលដ្ឋាន ធ្វើការស្ទាក់ចាប់បាន នៅត្រង់ចំណុចស្តុបDN តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ៦១ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងហៅជំនាញ ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕(ប្រភពលោក យ៉ុនសុខឃីម)

You may have missed