(កំពង់ស្ពឺ)៖ បើទោះជាមានការចេញលិខិតផ្លូវការរបស់មន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ សម្រេចឲ្យផ្អាកអាជីវកម្មរណ្តៅដីក៏ដោយ ក៏លោក ឈឿន ប៊ុនធឿន ដែលជាម្ចាស់ទីតាំងនៅតែបន្តសកម្មភាពជីក និងដឹកដីលក់យ៉ាងគគ្រឹកគគ្រេងដោយរលូនដដែល។
យោងតាមលិខិតលេខ០១៥ រថ.កស ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ប៊ិញ ជីវតុងប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ ដែលអ្នកកាសែត ទទួលបានពី ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួង រ៉ែ និងថាមពល បានតម្រូវឲ្យលោក ឈឿន ប៊ុនធឿន បញ្ឈប់សកម្មភាពធ្វើអាជីវកម្មជីកយកអាចម៍ដី នៅក្នុងទីតាំងភូមិបាញ់កង្កែប ស្ថិតឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបន្ទាន់ ព្រោះតែអាជីវកម្មនេះមិនទាន់មានច្បាប់អនុញ្ញាត (អាជ្ញាបណ្ណ) ត្រឹមត្រូវពីក្រសួង រ៉ែ និងថាមពល និងមិនទាន់មានអាជ្ញាប័ណ្ណអាជីវកម្មពីសាលាខេត្តកំពង់ស្ពឺនៅឡើយ។
បើទោះជាប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ បានចេញលិខិតឲ្យថៅកែឈ្មោះ ឈឿន ប៊ុនធឿន បញ្ឈប់សកម្មភាពអាជីវកម្ម ក៏ដោយក៏មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា លោក ឈឿន ប៊ុនធឿន នៅតែធ្វើសកម្មភាព ជីក និងដឹកអាចម៍ដីលក់យ៉ាងរំភើយ ដោយមិនញញើតចំពោះការណែនាំរបស់អាជ្ញាធរជំនាញនោះទេ។
ប្រជាពលរដ្ឋ បានរាយការណ៍មកថា រាល់ថ្ងៃលោក ឈឿន ប៊ុនធឿន ជាថៅកែ មិនបានមកគ្រប់គ្រង់ការជីកអាចម៍ដីផ្ទាល់នោះទេ ដោយមានមន្ត្រីយោធាម្នាក់ឈ្មោះ ចន្ថា ហៅ ម៉ៅ ជាមេការ។
រាល់ថ្ងៃគេឃើញមានរថយន្តធន់ធំ កង់១០ បានដឹកអាចម៍ដីចេញពីទីតាំងរណ្តៅដីខាងលើ ដោយបើកកាត់ខ្នងប្រឡាយលោកតាហោ ក្នុងល្បឿនលឿនៗ មិនមានការគ្រប់ត្រឹមត្រូវ និងបង្កជាធូលីហុយពេញភូមិព្រៃគុយ និងភូមិបាញ់កង្កែប ស្ថិតឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋ បានបន្ថែមថា បើអាជ្ញាធរនៅតែបណ្តែតបណ្តោយឲ្យលោក ឈឿន ប៊ុនធឿន និងលោក ចន្ថា ហៅ ម៉ៅ អាចរកស៊ីគ្មានច្បាប់ និងមិនគិតពីប្រយោជន៍ប្រជាពលរដ្ឋបែបនេះ គឺខ្នងប្រឡាយតាហោ ប្រាកដជាខ្ទេចខ្ទីអស់ ហើយសុខភាពរបស់ពួកគាត់ក៏ខូច ដោយតែធូលីដីហុយបង្កឡើងដោយរថយន្តដឹកដីទាំងនោះជាក់ជាមិនខាន។
ប្រជាពលរដ្ឋ បានបន្តឲ្យដឹងទៀតថា លោក ឈឿន ប៊ុនធឿន និងលោក ចន្ថា ហៅ ម៉ៅ ជីកយកអាចម៍ដីដឹកយកទៅលក់ឲ្យឈ្មួញរកស៊ីដី ដើម្បីចាក់លុបនៅម្តុំផ្សារថ្នល់ទទឹង។
ជុំវិញករណីនេះ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានទទួលស្គាល់ថាលោកដឹងថា ថៅកែ ឈឿន ប៊ុនធឿន ពិតជារកស៊ីជីករណ្តៅយកអាចម៍ដីលក់គ្មានច្បាប់ក្នុងដែនដីក្រោមការគ្រប់គ្រងរបស់លោកមែន ដោយលោកអភិបាលស្រុកប្រាប់ អ្នកកាសែតតាម Telegram ថា «ចំពោះករណីនេះ ខ្ញុំបានដឹងថា ម្ចាស់រណ្តៅកំពុងរត់ការច្បាប់អនុញ្ញាតនៅច្រកចេញចូលតែមួយរបស់ខេត្ត។ ចំពោះការត់ដឹកលើប្រឡាយនេះសូមសួរទៅខាងមន្ទីរធនធានទឹក។»
យោងតាម សារាចរ ស្តីពី វិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ លេខ០៣១០ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល បានណែនាំឲ្យម្ចាស់អាជីវកម្មដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ដែលដឹកចេញបពីការដ្ឋាន ឬដេប៉ូ មិនត្រូវឲ្យលើសទ្រង់រថយន្ត និងមានការគ្របកៅស៊ូឲ្យបានជិត ចៀសវាងការធ្លាក់លើផ្លូវ។ ចំណែកផ្លូវដែលខ្លួនដឹកកាត់ត្រូវតែចូលរួមថែរក្សា ស្រោចទឹក និងជួសជុល ចៀសវាងការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ៕
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់