ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យការដឹកជញ្ជូនទំនិញឆ្លងដែនតាមកុងតឺន័រនៅច្រកកំពង់ផែស្វយ័ត្នខេត្តព្រះសីហនុបានសម្រេចគាស់ទូរកុងតឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង ធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចជាច្រើនរូបទៀត។
បើយោងតាមប្រភពពីមន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបឲ្យដឹងថា មូលហេតុដែលមានភាពមិនប្រក្រតីនៅក្នុងកំពង់ផែស្វយ័ត្នកំពង់សោមនេះ អស់រយៈពេលជាយូរឆ្នាំមកហើយ ទើបកម្លាំងសមត្ថកិច្ចបានសម្រេចចិត្តបើកទូរកុងតឺន័រក៏បានរកឃើញកាកសំណល់ជាច្រើនកុងតឺន័រ ដែលអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែងបន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថា ជាកាកសំណល់សម្រាមដែលគេបោះចោល។ ទោះជាយ៉ាងនេះក្តីមន្ត្រីមិនទាន់បញ្ជាក់ប្រាប់ពីប្រទេសដើមដែលបន្លំនាំយកសំរាមតាមកុងតឺនរ័មកកាន់ប្រទេសកម្ពុជានេះនៅឡើយ ដោយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ទុកពេលឲ្យសមត្ថកិច្ចស្រាវជ្រាវជាក់លាក់សិន។
មន្ត្រីគយបានត្រឹមឈរមើល និងឆ្លើយថាមិនដឹងពេលគាស់ចេញមកទើបដឹងថា នៅក្នុងកុងតឺន័រចំនួន៨៣ទូរ គឺជាសម្រាមស្មើនឹងរាប់រយតោន ដែលត្រូវឈ្មួញយកមកចោលលើទឹកដីខ្មែរតែម្តង ខណៈមន្ត្រីមានសមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរនេះ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ។
ក្រោយបង្ក្រាបករណីនេះបាន ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋទូទៅមានការហួសចិត្តចំពោះការដឹកនាំរបស់លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ,លោក យុិក យូ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័ត្នខេត្តព្រះសីហនុ,លោក ណុប សំអាន ប្រធានការិយាល័យគយចល័តទំនប់រលក ដែលបណ្តែតបណ្តោយឲ្យឈ្មួញទុច្ចរិតនាំចូលកាកសំណល់សម្រាមផ្លាស្ទិកមានផ្ទុកសារធាតុគីមីនិងវិទ្យុសកម្មដែលអាចប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានមហាជនរិះគន់ចំៗ ថាអារឿងកាកសំណល់សម្រាមដែលក្រុមហ៊ុនឬឈ្មួញលួចនាំចូលមកនេះ បើគ្មានការឃុបឃឹតគ្នាជាប្រព័ន្ធរបស់មន្ត្រីគយខេត្តព្រះសីហនុនោះទេ ឈ្មួញជើងខ្លាំងប៉ុនណាក៏មិនអាចនាំចូលមកបានឡើយ ហើយរឿងនេះគឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងររបស់លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ចាប់តាំងពីឡើងកាន់តំណែងមកម៉្លេះ គេបានសង្កេតឃើញមានភាពមិនប្រក្រតីនៅក្នុងអង្គភាពគយខេត្តព្រះសីហនុ តាមរបៀបប្រព្រឹត្តអំពើពុករលួយច្រើនគ្រប់រូបភាព។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាទីផ្សារចាក់សម្រាមរបស់ប្រទេសណានោះទេ ហើយក្រុមហ៊ុននាំចូលមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រជាពលរដ្ឋសូមអរគុណចំពោះអាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធដែលធ្វើការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា។ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានស្នើសុំឲ្យមេឈ្មួញនិងក្រុមហ៊ុនដែលនាំចូលកាកសំណល់សម្រាមផ្លាស្ទីកដោយខុសច្បាប់នេះ គឺត្រូវតែនាំត្រលប់ទៅវិញជាបន្ទាន់ និងចាប់ខ្លួនមន្ត្រីដែលហ៊ានអនុញ្ញាតរួមទាំងអ្នកឃុបឃិតឲ្យនាំចូលយ កមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
បញ្ហាការនាំកាកសំណល់ចូលមកប្រទេសកម្ពុជានេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យមានជាដាច់ខាត ចំពោះការនាំកាកសំណល់ចូលប្រទេសកម្ពុជា ក្រោមហេតុផលថា កែច្នៃសំរាមទាំងអស់នេះ ទៅជាថាមពលអគ្គិសនី។ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យធ្វើបែបនេះ មិនយូរមិនឆាប់នោះទេ កម្ពុជានឹងក្លាយជាប្រទេសមួយដែលរង់ចាំទទួលសំរាមពីបរទេសជាក់ជាមិនខានឡើយ៕msk
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង