Thu. Apr 10th, 2025

ទៀតហើយ !ស្លាប់២នាក់ របួស១១នាក់ក្នុងករណីក្រឡាប់​រថយន្ត

សៀមរាប ៖ រថយន្តមួយគ្រឿងមានដឹកអ្នកទេសចរណ៍ជនជាតិចិនប្រុស ស្រី ចំនួន១៣នាក់ បានក្រឡាប់នៅត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បណ្ដាលឲ្យមាន មនុស្សស្លាប់២នាក់ និងរងរបួសចំនួន១១នាក់ ។

បើតាមនគរបាលនៃអធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង គឺរថយន្តម៉ាកSANG YONG ISTANA ពាក់ស្លាកលេខសៀមរាប 2A-9016 ពណ៌ស បានបើកចុះពីលើភ្នំគូលែនស្រាប់តែក្រឡាប់តែម្ដង ហើយភ្លាមៗនោះ អ្នកបើកបររថយន្ត និងអ្នក មគ្គទេសក៍បាននាំគ្នារត់គេខ្លួនពីកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកស្វាយលើ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកឯរថយន្តត្រូវកម្លាំងសមត្ថកិច្ច អូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយលើ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

ករណីកើតហេតុដូចគ្នានេះធ្លាប់បានកើតឡើងម្ដងរួចមកហើយនៅចំណុចដដែលនោះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដែលបង្កដោយរថយន្តដឹកភ្ញៀវទេសចរណ៍ខ្មែរក្មេងចាស់ប្រុសស្រីចំនួន២៨នាក់ ក៏បានបង្ក ឲ្យក្រឡាប់របួសធ្ងន់ស្រាលចំនួន១២នាក់ផងដែរ៕

You may have missed