
ថ្មីៗនេះសមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ បានរកឃើញឈើ៥៩៣កំណាត់ក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជាប់តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបើគិតពីតម្លៃឈើនោះ គឺរាប់លានដុល្លារឯណោះព្រោះសុទ្ធតែជាប្រភេទឈើប្រណីតនិងជាប្រភេទឈើលេខ១។ ទោះជាយ៉ាងណាមន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី បែរជាចេញសេចក្ដីបដិសេធថា ក្រុមហ៊ុនលឹមរ៉យ៉ាល់ មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ បើទោះបីមានភស្ដុតាងយ៉ាងច្បាស់ក្រឡែតក៏ដោយ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ខ្លាំងជាងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល ទៅទៀត។
ប្រភពពីសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចអាវុធហត្ថក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងមហន្តរាយក្រោមយីហោក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ប៉ុន្តែឥឡូវនេះភស្ដុតាងមានច្បាស់ក្រឡែត ព្រោះសមត្ថកិច្ចរកឃើញឈើ៥៩៣កំណាត់ក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់។
ថ្មីៗនេះសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវដល់ថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការតាមច្បាប់ទៅលើមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ដែលជាប់ពាក់ព័ន្ធបទល្មើសកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ខ្លាំងជាងមេឈ្មួញ សឹង សំអុល ទៅទៀតប៉ុន្តែមកដល់ពេលនេះមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងរំភើយ។ ម្យ៉ាងទៀតមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា មានឈ្មោះក្នុងបញ្ជីខ្មៅរបស់ប្រមុខរាជរដ្ឋាភិបាល ដូចមេឈ្មួញ សឹង សំអុល ផងដែរដូច្នេះគណៈកម្មការជាតិដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ មិនគួរទុកឲ្យមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា គេចផុតពីសំណាញ់ច្បាប់ឡើយ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរកឃើញឈើរាប់គំនរក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ រួចមកឥឡូវនេះអ្នកធំដែលជាខ្នងបង្អែករបស់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា កំពុងគេចខ្លួនចេញក្រៅប្រទេសយ៉ាងស្លន់ស្លោ។ ទន្ទឹមនឹងនេះមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា បានប្រើប្រាស់បណ្ដាញព័ត៌មានមួយចំនួនដើម្បីជួយផ្សព្វផ្សាយបិទបាំងរឿងអាស្រូវរបស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើទៀតផង។
ប្រភពស្និទ្ធនឹងមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា បានបង្ហើបឲ្យដឹងថា ឥឡូវនេះមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា កំពុងភ័យស្លន់ស្លោព្រោះលេសដោះសារបស់ខ្លួនក្លាយជារឿងឥតន័យ ព្រោះសមត្ថកិច្ចរកឃើញវត្ថុតាងឈើ៥៩៣កំណាត់នៅក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ កាលពីពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះហើយទើបមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី ព្រមទាំងប្រជាពលរដ្ឋទូទៅអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការតាមច្បាប់ទៅលើមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា និងបក្ខពួកតាមផ្លូវច្បាប់។(មានត)
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់