Tue. Apr 15th, 2025

ភ្នំពេញ ​៖ រដ្ឋលេខាធិការប្រចាំការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ លោក សោម សុគន្ធ បានចាត់ទុក មហោស្រពភាពយន្តជប៉ុននៅកម្ពុជាជាការពង្រឹងពង្រីកបន្ថែមទៀតនៃការពូនជ្រុំទំនាក់​ទំនងការទូត កិច្ចសហប្រតិបត្តិការ ការជួយគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយសិល្បៈ វប្បធម៌ ហើយក៏ជាភ្នាក់ងារដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលចិត្តគំនិតមនុស្ស ឱ្យចេះអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ ពិសេសគឺជាឧស្សាហកម្មមួយ ដែលអាចរកចំណូលបានច្រើនផងដែរ។

លោ​ក រដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកមហោស្រពភាពជប៉ុនឆ្នាំ២០១៩ នៅរោងភាពយន្តស៊ីនណេផ្លិចអ៊ីអន១ កាលពីរាត្រីថ្ងៃទី១៩ខែវិច្ឆិកានេះ។ លោក លើក ឡើងទៀតថា ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន មានតាំងពីឆ្នាំ១៩៥៣មកម៉្លេះ និងបានពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ។ ក្រោយពីមានការផ្លាសប្តូទស្សនកិច្ចរវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពី ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីក៏មានការផ្លាស់ប្តូr និងមានកំណើនគួរឱ្យកត់សំគាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

​បច្ចុប្បន្នផលិតផលជប៉ុន បានក្លាយជាទំនុកចិត្ត និងប្រជាប្រិយ៍ភាព សម្រាប់ប្រជាជនកម្ពុជា។ ដោយឡែកតាមរយៈមហោស្រពនាពេលនេះ ក៏កាន់តែបង្ហាញឱ្យឃើញបន្ថែមទៀត នូវការពង្រឹងវិស័យវប្បធម៌ និងបាន បញ្ជាក់អំពីមនោសញ្ចេតនា និងទំនាក់ទំនងទ្វេរភាគី រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតថែមទៀត។ លើសពីនេះ វេទិកានេះក៏ជាកន្លែងសម្រាប់ផលិតករ សិល្បៈករ អ្នកបច្ចេកទេស កម្ពុជា ជប៉ុន ចែករំលែកបទពិសោធន៍គ្នា ស្វែងរកចំណុចខ្លាំងចំណុចខ្សោយ និងជាមូលដ្ឋានក្នុងការចាប់ដៃគ្នាធ្វើឱ្យប្រសើរឡើងលើវិស័យភាពយន្ត នៃប្រទេសទាំងពីរផងដែរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាសមញ្ញនិងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា មហស្រពភាពយន្តជប៉ុន ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៥មក ដើម្បីបង្ហាញជូននូវផ្ទាំងទស្សនីយភាព នៃខ្សែភាពយន្តជប៉ុនថ្មីៗ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។សម្រាប់ឆ្នាំ២០១៩នេះ ចាប់ពីថ្ងៃទី២០ ដល់២៤ខែវិច្ឆិកា នៅរាជធានីភ្នំពេញនិងសៀមរាប ហើយបានសម្រិតសម្រាំង នូវភាពយន្តជាច្រើន ទាំងបែបមនោសញ្ចេតនា ស៊ីបអង្កេត បែបតន្រ្តី គំនូជីវចល ប្រវត្តិសាស្រ្ត និងកំប្លែង មកចាក់បញ្ចាំង ដើម្បីឆ្លុះបញ្ចាំងពីភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្របនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុនផងដែរ៕

 

You may have missed