ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឧកញ៉ា ជ័យ មានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលាទើបអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងសុខស្រួល បើទោះបីបច្ចុប្បន្នមានប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងណាក៏ដោយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានអំពាវនាវដល់ថ្នាក់ដឹកនាំខណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិពិនិត្យឡើងវិញចំពោះសកម្មភាពរបស់ឧកញ៉ា ជ័យ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើយ៉ាងមហន្តរាយនៅក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ផងដែរ។ ដោយហេតុថា មួយរយៈកន្លងទៅនេះឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើតាមរថយន្តប្រភេទវ៉េអង និងប្រភេទយីឌុបពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង៕
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះសមត្ថកិច្ចចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើជាច្រើនកន្លែងនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេ។ ប្រការនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋាននានាមិនសូវមានជំនឿលើសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែង ព្រោះឧកញ៉ា ជ័យ និងបក្ខពួកនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួល។ ទន្ទឹមនឹងនេះប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា កន្លងមកបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏ដូចជាប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ទេនោះគឺឧកញ៉ា ជ័យ មិនអាចបំផ្លាញព្រៃឈើតាមអំពើចិត្តឡើយ។
បើតាមប្រភពដែលស្និទ្ធនឹងឧកញ៉ា ជ័យ បានឲ្យដឹងថា ឥឡូវនេះឧកញ៉ា ជ័យ ផ្អាកសកម្មភាពដឹកជញ្ជូនឈើពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនមួយរយៈក្នុងខណៈដែលប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើកំពុងប្រព្រឹត្តទៅយ៉ាងតានតឹងក្នុងខេត្តស្ទឹងត្រែង។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា កន្លងមកឧកញ៉ា ជ័យ បំពានកាប់ឈើក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ។ ឥឡូវនេះក្នុងខណៈដែលមេឈ្មួញ សឹង សំអុល ព្រមទាំងបក្ខពួក៣នាក់ត្រូវប្រឈមមុខនឹងតុលាការពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បែរជាឧកញ៉ា ជ័យ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើនៅស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងគេចផុតពីសំណាញ់ច្បាប់។បឋម
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប