Thu. Nov 21st, 2024

ភ្នំពេញ៖ ក្រៅពីបំពេញតួនាទីការពារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានចូលរួមយ៉ាងសកម្មកសាងសមិទ្ធផលនៅក្នុងទីវត្តអារាម ជាពិសេសការចែករំលែកក្នុងកិច្ចការមនុស្សធម៌ ដល់អ្នកក្រខ្សត់នៅក្នុងមូលដ្ឋានផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជិតឆ្ងាយ សាងសង់រូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងសមិទ្ធផលនានា ជាពិសេសនាំយកសម្ភារសិក្សាមួយចំនួនធំ ទៅចែកជូនដល់សិក្សានុសិស្ស ដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកប់ស្រូវ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាង ៤០០នាក់។

លោក ភួង សុភី បានថ្លែងថា សម្រាប់កម្មវិធីមនុស្សធម៌ចែកជូនសម្ភារសិក្សាដល់សិស្សានុសិស្សនាពេលនេះ មិនមែនជាលើកទី១ នោះទេ គឺអង្គភាពកងរាជអាវុធហត្ថ បានធ្វើឡើងច្រើនលើកមកហើយ ហើយក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុហត្ថ លោកបានខិតខំធ្វើយ៉ាងរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនេះ ឱ្យទទួលបាននូវភាពកក់ក្តៅផងដែរ។

លោក ភួង សុភី ក៏បានថ្លែងអំណរគុណ និងកោតសរសើរលោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានចំណាយទាំងកម្លាំងកាយចិត្ត បណ្តុះទំពាំងថ្មីនេះឱ្យដុះក្លាយជាឫស្សីរឹងម៉ាំសម្រាប់ប្រទេសជាតិ។ តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានផ្តាំថា «យើងមិនភ្លេចពីប្រភព និងប្រវត្តិដែលនាំឲ្យមានភាពសុខសាន្តរបស់ប្រទេសជាតិយើងសព្វថ្ងៃនេះដែរ បើមិនដូច្នោះទេ យើងគ្មានពេលជួបជុំគ្នា សើចសប្បាយដូចថ្ងៃនេះ»។

មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា «អ្វីដែលបានទាំងអស់នេះ គឺមកពីការខិតខំកសាង ប្រទេសដោយបាតដៃទទេ ដោយចាប់ផ្តើមពីចំណុចក្រោមសូន្យ របស់រាជរដ្ឋាភិបាល ដែលមានរយៈពេលជាង ៣០ឆ្នាំកន្លងមក ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលលោកមានការដឹកនាំ ប្រកបដោយយុទ្ធសាស្ត្រ និងទស្សនៈវែងឆ្ងាយ។

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្ថែមទៀតថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធនធានមនុស្សបានក្លាយជាអាទិភាពទី១វិញ ហើយផ្លូវ ភ្លើង និងទឹក បានក្លាយជាអទិភាពបន្តបន្ទាប់។ ការអភិវឌ្ឍធនធានមនុស្ស រួមមាន ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាស្ថាន និងបច្ចេកទេស, ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣៖ ការលើកកម្ពស់ សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ និងទី៤៖ ការពង្រីកសមភាពយេនឌ័រ និងការគាំពារសង្គម។

លោកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបម្រើជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯង ជាពិសេសត្រូវធ្វើជាមនុស្សល្អ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយណា ដែលនឹងធ្វើឱ្យខូចអនាគត និងសង្គមជាតិស្អប់ខ្ពើមជាដើម៕

You may have missed