Thu. Nov 21st, 2024

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ជាថ្មីម្ដងទៀត ដល់កម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេស ត្រូវតែត្រៀមស្ដាប់បទបញ្ជា ដើម្បីអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។

ក្នុងសារសំឡេងផ្ញើទៅកាន់មេបញ្ជាការកងរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ឲ្យមេអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលមានព្រលានយន្ដហោះ ត្រូវប្រុងជើងការជានិច្ច ដើម្បីសហការជាមួយកម្លាំងនគរបាល ត្រៀមអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កចលាចលណាមួយ។

ដោយឡែក សម្រាប់កម្លាំងអាវុធហត្ថខេត្តជាប់ព្រំដែនថៃវិញ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យត្រៀមកម្លាំងនៅមូលដ្ឋានជានិច្ច និងតាមដានសភាពការណ៍ការតាមបន្ទាត់ព្រំដែន ក្រែងមានហេតុការណ៍កើតអ្វីកើតឡើង ត្រូវចេញអន្ដរាគមន៍ជាបន្ដបន្ទាប់។ លើសពីនេះ គ្រប់អាវុធហត្ថខេត្តផ្សេងទៀត ក៏ត្រូវតែត្រៀមកម្លាំងតាមទីបញ្ជាការ ហាមអវត្តមានមន្ដ្រីណាម្នាក់ជាដាច់ខាត រហូតមានបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ។

នាយឧត្តមសេនីយ សៅ សុខា បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប ខេត្តទាំងបីនេះ ត្រូវត្រៀមកម្លាំងសហការជាមួយនឹងកម្លាំងនគរបាលជាតិ។ កម្លាំងដែលមានការពាក់ព័ន្ធអនុវត្តបទបញ្ជារបស់ គណៈបញ្ជាការឯកភាពខេត្ត ត្រៀមកម្លាំងបំពាក់គ្រប់គ្រាន់ ចូលរួមប្រចាំការនៅបណ្ដាព្រលានយន្ដហោះទាំងបី ហើយមានអ្វីប្រែប្រួលត្រូវរាយការណ៍ ដោយចាប់ពីថ្ងៃនេះទៅភ្លាមត្រៀមរៀបចំកម្លាំងអនុវត្តបទបញ្ជា»

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានបន្ដទៀតថា «ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ត្រូវត្រៀមកម្លាំងដើម្បីកិច្ចការងារសន្ដិសុខ តាមដានការវិវត្តន៍ប្រែប្រួលលើផ្ទៃសមុទ្រដែលអាចធ្វើទៅតាម និងត្រៀមកម្លាំងសហការដើម្បីអនុវត្តបទបញ្ជា ក្នុងករណីដែលពួកប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមវាចូលមកតាមផ្លូវទឹក។ មេបញ្ជាការតាមបណ្ដាខេត្ត ដែលមានការពាក់ព័ន្ធជាប់ព្រំដែន ក៏ត្រូវបង្កើនការយកចិត្តទុកដូចគ្នាផងដែរ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឲ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

You may have missed