កាសែត Bangkok Post នៅថ្ងៃពុធនេះបានផ្សាយថាលោក ប្រាយុទ្ធ ចាន់អូឆានាយករដ្ឋមន្ដ្រីថៃបានប្រកាសជាឱឡារិក នៅថ្ងៃពុធទី០៦វិច្ឆិកានេះថា លោកមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ឆ្លងចូលមកកម្ពុជាតាមទឹកដីថៃឡើយ។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃបែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញពីបំណងឆ្លងចូលទឹកដីកម្ពុជាតាមរយៈប្រទេសថៃ នៅថ្ងៃទី០៩ខែវិច្ឆិកាខាងមុខ។ តាមរយៈស្មារតីអាស៊ានប្រមុខរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ថៃនឹងមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយនិងថាប្រទេសថៃក៍នឹងមិនអនុញ្ញាតឲ្យជនប្រឆាំងរដ្ឋាភិបាលម្នាក់ណាយកប្រទេសថៃជាឈ្នាន់ដើម្បីធ្វើសកម្មភាពនោះដែរ។សូមជម្រាបជូនថាលោក សម រង្ស៊ី បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃអង្គារម្សិលមិញនេះ ដោយមានភ្ជាប់ជាមួយនូវរូបថតសំបុត្រយន្តហោះរបស់ខ្លួនផងនោះ គ្រោងចាកចេញពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី០៧វិច្ឆិកាស្អែកនេះ តាមជើងហោះហើររបស់ក្រុមហ៊ុន Thai Airways។ ចំណែក គេហទំព័រក្រុមហ៊ុន Thai Airways បានបញ្ជាក់ពីការកក់សំបុត្ររបស់លោក សម រង្ស៊ី សម្រាប់ជើងហោះហើរ TG 931 ដែលនឹងចាកចេញពីប៉ារីសមកដល់បាងកក នៅថ្ងៃទី០៨ខែវិច្ឆិកា។ ចាកចេញពីអាកាសយានដ្ឋានហ្សាលដឺហ្គោល ទីក្រុងប៉ារីស នៅម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី០៧វិច្ឆិកា, ជើងហោះហើរក្រុមហ៊ុន Thai Airways លេខ TG 931 ដែល លោក សម រង្ស៊ី កក់ នឹងត្រូវមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨វិច្ឆិកា។ លោក សម រង្ស៊ី បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការធ្វើដំណើរមកកាន់ប្រទេសថៃនាថ្ងៃទី០៨វិច្ឆិកានេះ គឺដើម្បីត្រៀមខ្លួនចូលមកទឹកដីកម្ពុជា នៅថ្ងៃទី០៩វិច្ឆិកា តាមកាលកំណត់។ការកក់សំបុត្រយន្តហោះនេះ បានបញ្ជាក់ពីភាពច្បាស់លាស់មួយកម្រិតទៀត សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំង។ យ៉ាងណាក៍ដោយ សំបុត្រយន្តហោះដដែលនេះ មិនទាន់អាចធានាពីការចូលទៅដល់ប្រទេសថៃ ឬមកដល់កម្ពុជារបស់លោកឡើយ។កាលពីខែមុន លោកស្រី មូរ សុខហួរ មន្ដ្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំង បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរប្រទេសថៃមិនអនុញ្ញាតឲ្យលោកស្រី មូរ សុខហួរ ចូលក្នុងប្រទេសខ្លួនឡើយ។ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាវិញ បានអះអាងថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីឃ្លាំមើលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី តាមផ្លូវអាកាស ដោយបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចចាប់បានភ្លាម។ ប្រសិនបើមានឈ្មោះលោក សម រង្ស៊ី គ្រោងហោះហើរមកកាន់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាបានព្រមានថា ក្រុមហ៊ុនហោះហើរ ឬអ្នកបើកបរយន្តហោះដែលហ៊ានដឹកលោក សម រង្ស៊ី មកកម្ពុជា នឹងត្រូវមានទោសពីបទរួមគំនិតក្បត់ថែមទៀត។ជាការកត់សម្គាល់ ការកក់សំបុត្ររបស់លោក សម រង្ស៊ី មិនមែនធ្វើឡើងតែមួយផ្លូវទេ។ ក្រៅពីកក់សំបុត្រយន្តហោះមកកាន់ទីក្រុងបាងកកហើយ លោក សម រង្ស៊ី ក៍បានកក់សំបុត្រយន្តហោះពីទីក្រុងបាងកក ត្រឡប់ទៅកាន់ទីក្រុងប៉ារីសវិញផងដែរ ដោយកំណត់យកថ្ងៃទី១៥មករា ឆ្នាំ២០២០ខាងមុខ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ