Thu. Nov 21st, 2024

ភ្នំពេញ ​៖ អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យក្រុមការងារ និងមន្រ្តីពាក់ព័ន្ធចំណុះ រដ្ឋបាលរាជធា​នីភ្នំពេញ សម្រុកបង្ហើយការងាររបស់ខ្លួន ដែលនៅសេសសល់បន្តិចបន្តួច ឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃស្អែកនេះ និង​ត្រៀមលក្ខណៈស​ម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ដែល​​ឈានជិតមកដល់ ហើយរាជធានីទាំងមូលត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ អន្តរជាតិមកពីគ្រប់ទិសទី។

​មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី៦ ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យគ្រប់ភាគីពាក់ព័ន្ធសម្រុកពន្លឿនការកែលម្អសោភ័​ណភាព និ​ងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ២០១៩នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើននិងមានភាពអធិកអធមថែមទៀត។

លើ​សពីនេះ ឯកឧត្តម អភិបាល សុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បំផុត លើបញ្ហាសំរាម ទាំងការរៀបចំទុកដាក់ ការផ្សព្វផ្សាយ អប់រំពីការវេចខ្ចប់ ការពង្រាយធុង ឬ ​កញ្ឆេសំរាម ការប្រមូលសំរាមចេញពី បរិវេណពិធី និងកន្លែងសប្បាយភាពនានា ត្រូវតែធានាឱ្យបានទាន់ពេលវេលា និ​ងល្អបំផុត។ ​ឯកឧត្តម សុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងទុកដាក់សំរាមតាមធុង ឬ កញ្ឆេសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីសោភណ្ឌភាព រាធានីរបស់យើង។

​ពាក់ព័ន្ធដល់ការតុបតែង និងការត្រៀមលក្ខណៈសម្បត្តិនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ពេលនេះ សម្រេចបាន ៩​៥ភាគរយហើយ មន្រ្តីជំនាញនៃមន្ទីរសាធារណការ សហការជាមួយអាជ្ញាធរ ​នឹងស្ថាប័នពាក់ព័ន្ធ បានធ្វើសកម្មភាពកែលម្អរសោភ័ណ​ភាព បរិស្ថាន នៅក្នុងតំបន់បរិវេណកន្លែងប្រារព្ធ​ព្រះរាជពិធី កែលម្អរសួនច្បារសាធារណៈ ភ្លើងបំភ្លឺចម្រុះពណ៌ ឲ្យកាន់តែភ្លឺច្បាស់ និងស្អាតជាងមុន រួមទំាងការស្ថាបនាបង្គន់អនាម័យសាធារណៈ ជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបានប្រើប្រាស់ដោយសេរី មិនគិតតម្លៃ​សេវាអ្វីឡើយ ជាពិសេសបានធ្វើបង្គន់អនាម័យ តទឹក ភ្លើង ជូនដល់កីឡាករអ៊ុំ​ទូក គ្រប់កន្លែងស្នាក់នៅ ក្នុងតំបន់អូស៊ីអាយស៊ី។ បន្ថែមពីនេះការតុបតែង របាកាត់ទន្ទឹងផ្លូវ ដើម្បីស្វាគមន៍ ភ្ញៀវទេសចរមកលេងកម្សាន្ត នៅទីតំាងសំខាន់ៗចំនួន៤កន្លែង ដូជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំ មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យ លើផ្លូវព្រះស៊ីសុវត្ថិ និង ក្បែររង្វង់មូលសម្តេចព្រះសង្ឃរាជ ជួនណាត។

​លោកបានបន្ថែមថា គ្រប់ដើមឈើធំៗ នៅតាមដងមហាវិថី វិថី ​និងផ្លូវសំខាន់ៗជាច្រើន ត្រូវបានតុងតែងភ្លើងពណ៌ និងលាបថ្នាំស្ទើរួចរាល់ទាំងស្រុង។ នៅតាមសួនច្បារនិមួយៗ មានព័ទ្ធខ្សែជុំវិញ ដើម្បីការពារសោភ័ណ្ឌភា​ព សម្រស់នៃសួនច្បារទាំងនោះ។

សូ​មជម្រាបថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និ​ងអកអំបុក សម្រាប់ឆ្នាំ ២០១៩នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ទី១១ និងទី១២ ខែវិច្ឆិកា ហើយនឹងមានទូក ង ទូកមួង មកពីតាមបណ្តាខេត្តចូលរួមជាងច្រើន។

គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែរៀបចំឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិ មានសុខន្តិសភាព៕

You may have missed