Thu. Nov 21st, 2024

ខេត្តព្រៃវែង ៖សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថាមានការរិះគន់ខ្លាំងនៅក្នុងមជ្ឈដ្ឋានមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេច

នៅពេលលោកវេជ្ជបណ្ឌិតយូសុីឡិជាប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចដែលគេស្គាល់ថាជាសាច់ញាតិរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនិងជាប្អូនថ្លៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាសេងបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងអាចកាន់កាប់និងយកដីរដ្ឋទំហំ៣៩ម៉ែត្រគុណនឹង៩៣ម៉ែត្រធ្វើជាកម្មសិទ្ធិដោយស្រួល។ 

ដីរដ្ឋដែលត្រូវគេរាយការណ៍ថាលោកវេជ្ជបណ្ឌិតយូស៊ីឡិកំពុងកាន់កាប់សាងសង់ផ្ទះសាងសង់តូបសាងសង់បន្ទប់សម្រាប់ជួលនិងកំពុងរត់ការធ្វើប្លង់យកនោះគឺជាដីអតីតមណ្ឌលសុខភាពឃុំអង្គររាជ្យស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យភូមិក្រសាំងទងឃុំអង្គររាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង។ 

ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេចមួយចំនួនបានលើកឡើងថាបន្ទាប់ពីពួកគាត់រិះគន់និងស្នុំការបញ្ជាក់ពីថ្នាក់លើមន្ត្រីថ្នាក់លើបានប្រាប់ពួកគាត់វិញថាការដែលលោកវេជ្ជបណ្ឌិតយូស៊ីឡិអាចយកដីនោះធ្វើជាកម្មសិទ្ធិបានព្រោះតែគាត់រស់នៅទីនោះយូរមកហើយនិងគ្មានដីសម្រាប់រស់នៅទើបថ្នាក់លើសម្រេចប្រគល់ដីនោះទៅឲ្យគាត់។

ក្រុមមន្ត្រីសុខាភិបាលស្រុកព្រះស្តេចមួយចំនួនបានសម្តែងការអាក់អន់ស្រពន់ចិត្តខ្លាំងនៅពេលដែលពួកគាត់មានជីវភាពមិនសូវធូរធារនិងគ្មានដីរស់នៅដូចលោកវេជ្ជបណ្ឌិតយូស៊ីឡិដែរប៉ុន្តែគ្មានថ្នាក់លើណាយកចិត្តទុកដាក់រកដីឲ្យសង់ផ្ទះសង់តូបនិងបន្ទប់ជួលរកលុយក្រៅបន្ថែមដូចជាលោកវេជ្ជបណ្ឌិតយូស៊ីឡិសោះ។

ជុំវិញករណីនេះលោកវេជ្ជបណ្ឌិតយូស៊ីឡិប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ដីដែលលោកកំពុងរស់នៅនោះគឺពិតជាដីដែលរដ្ឋបម្រុងទុកធ្វើជាមណ្ឌលសុខភាពអង្គររាជ្យប្រាកដមែនប៉ុន្តែលោកបានសុំអាជ្ញាធររស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះចំណែកមណ្ឌលសុខភាពឃុំអង្គររាជ្យក៏ត្រូវបានថ្នាក់លើធ្វើនៅទីតាំងផ្សេងរួចរាល់ហើយដែរដូច្នេះទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីនេះទៅអាជ្ញាធរឃុំស្រុកដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្របច្បាប់តែម្តងទៅ។

លោកវេជ្ជបណ្ឌិតយូស៊ីឡិបានអះអាងថាលោកដាក់ពាក្យកាន់កាប់ដីធ្លីដើម្បីយកដីរដ្ឋនេះធ្វើជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ខ្លួនគឺគោរពតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតម្រូវឲ្យអាជ្ញាធរដែនដីកាត់ដីរបស់រដ្ឋប្រគល់ឲ្យប្រជាជននិងមន្ត្រីរាជការដែលបានរស់នៅអាស្រ័យផលតាំងពីយូរលង់មកហើយ។

ចំពោះករណីប្អូនថ្លៃអាចយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះអ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមបណ្ឌិតឧកញ៉ាសេងអបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបាននៅឡើយទេដោយសារទូរស័ព្ទដៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាប្រធានមន្ទីរមិនអាចទំនាក់ទំនងបាន៕

You may have missed