Thu. Nov 21st, 2024

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់ គឺ បណ្ឌិត Takano Katsumi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកសិកម្មតូក្យូ សាស្រ្តាចារ្យ Yoichi Sakata និងសាស្រ្តាចារ្យ Hironobu Shiwachi រួមជាមួយជំនាញការកូរ៉េ ប្រចាំអង្គការ KOPIA កម្ពុជា ១នាក់ គឺ Mr. Song, KL DEUK ដែលមានស្នាដៃឆ្នើមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្មនៅសាកលវទ្យាល័យភូមិន្ទកសិកម្ម។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរសាទរដោយស្មោះចំពោះសាស្រ្តាចារ្យទាំង ៤រូបដែលទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ ហើយនេះគឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង តស៊ូ លះបង់និងចែករំលែកបទពីសោធន៍ល្អៗទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា ប្រកបដោយគុណភាព។ គ្រឿងឥស្សរិយយសនេះ មិនត្រឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់សាស្រ្តាចារ្យផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាកិត្តិយសយ៉ាងឧត្តុងឧត្តមសម្រាប់សាកលវិទ្យាល័យទាំងពីរ និងអង្គការ KOPIA ជាពិសេសសម្រាប់ប្រទេសជាតិយើងទាំងបី (កម្ពុជា ជប៉ុន និងកូរ៉េ) ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ពេញលេញ និងយូរអង្វែងក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្ស ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ភ្ជាប់ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់របស់សាកលវិទ្យល័យភូមិន្ទកសិកម្មក្នុងនាមស្ថាប័នឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មធានាបានទាំងបរិមាណនិងគុណភាពតាមរយ:ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិនានានៅទូទាំងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ: គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានដ៏មានតម្លៃនេះបានចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត ធានាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ជាពិសេសសាកលវិទ្យាល័យតូក្យូនឹងបន្តគាំទ្រនិងជួយអភិវឌ្ឍធនធានមនុស្សសម្រាប់បម្រើឲ្យវិស័យកសិកម្មកាន់តែចម្រើនឡើងថែមទៀតនាពេលអនាគត។តាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកសិកម្មតូក្យូ ក្នុងរយៈពេលជាង១០ឆ្នាំនេះទទួលបានលទ្ធផលសំខាន់ៗជាច្រើនដូចជា៖ ទី១. ផ្តល់អាហារូបករណ៍ ដល់មន្រ្តីនិងនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតបានចំនួន ១៣នាក់ និងអាហាររូបករណ៍ដល់និស្សិតឲ្យទៅចូលរួមសិក្ខាសាលា និងសន្និសីទវិទ្យាសាស្រ្តជារៀងរាល់ឆ្នាំ។ ទី២. បានសហការរួមគ្នាអនុវត្តគម្រោង ដើម្បីអភិវឌ្ឍន៍កសិកម្មសរីរាង្គនិងអភិរក្សបរិស្ថាន នៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី តាកែវ និង បាត់ដំបងបានចំនួន ៨គម្រោង។ គម្រោងក៏បានផ្តល់ជាកន្លែងធ្វើការអនុវត្តន៍ ការស្រាវជ្រាវ និងការធ្វើកម្មសិក្សារបស់គ្រូ និងនិស្សិតដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តន៍។ ទី៣. បានសាងសង់អាគារវិទ្យាស្ថានមួយខ្នង សម្រាប់បម្រើការងារគម្រោង និងបានផ្តល់កន្លែងធ្វើកម្មសិក្សា និងអនុវត្តន៍ជាក់ស្តែងដល់និស្សិតបានជាច្រើនរូប។ ទី៤. បានជួយពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត លើការសិក្សាស្រាវជ្រាវ តាមរយៈសន្និសីទវិទ្យាសាស្រ្តអន្តរជាតិផងដែរ។ ទី៥. ការបង្កើតវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន ហៅកាត់ អេរ៉េកុន (Institute of Environmental Rehabilitation and Conservation (ERECON)។ដោយឡែក លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ KOPIA វិញមានជាអាទិ៍៖ ទី១. គម្រោងបណ្តុះបណ្តាលកសិករបង្កើតសហគមន៍ផលិតកម្មមាន់សាច់ រយៈពេល៥ឆ្នាំ នៅខេត្តកណ្តាល និង ខេត្តតាកែវ។ ទី២. គម្រោង ស្រាវជ្រាវ ដំទ្បូងបារាំង គម្រោងនេះបានបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវដំទ្បូងបារាំង និងបានធ្វើការពិសោធន៍លើទីវាលនៅខេត្តមណ្ឌលគិរី និងពោធិសាត់។ ទី៣. គម្រោងស្រាវជ្រាវផលិតកម្មផ្សិតតាមបែបបច្ចេកទេសទំនើប និងទី៤. បានផ្តល់អាហារូបករណ៍ដល់សាស្រ្តាចារ្យឲ្យចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗនៅក្រៅប្រទេស៕

You may have missed